ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា ជប៉ុនសម្រេចបានទឹកប្រាក់ប្រមាណ១,៦ពាន់លានដុល្លារ កើនជិត២០ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
ទំហំពាណិជ្ជកម្មក្នុងរយៈពេលបីត្រីមាសនេះ បានបង្ហាញថា ទំនិញកម្ពុជានាំចេញមានទឹកប្រាក់ជាង១ ពាន់លានដុល្លារ។ នេះបើវតាមអគ្គវនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។
ទិន្នន័យរបស់ GDCE បានបង្ហាញថា ចាប់ពីខែមករា-ខែកញ្ញា ឆ្នាំ ២០២៤ ការនាំចេញ នាំចូលទំនិញរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុប១៥៩៥ លានដុល្លារ កើនឡើង១៦,៧ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានចំនួន១ ៣៦៦,៨៤ លានដុល្លារ។
ទំហំទឹកប្រាក់ពាណិជ្ជកម្មកម្ពុជា -ជប៉ុន ស្មើនឹង៣,៨៩ ភាគរយ នៃទំហំពាណិជ្ជកម្មអន្តរជាតិ សរុបរបស់កម្ពុជារយៈពេល៩ខែឆ្នាំ២០២៤ ដែលមានចំនួន ៤០,៩៤ ពាន់លានដុល្លារ។ ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទី៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងថៃ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ឲ្យដឹងថា ទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងផ្នែកឯកជននៃប្រទេសទាំង២ បានជួយឱ្យសកម្មភាពនៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង២ កើនឡើងជាបន្តបន្ទាប់ ពិសេសការនាំចេញរបស់កម្ពុជា។
លោកបន្តថា “ដើម្បីជំរុញការនាំចេញទំនិញ ពីកម្ពុជាទៅប្រទេសជប៉ុនឱ្យបានកាន់តែច្រើន នាពេលកន្លងមកសភាពាណិជ្ជកម្មកម្ពុជា ក៏បានបើកការិយាល័យតំណាងរបស់ខ្លួននៅក្នុងប្រទេសជប៉ុនផងដែរ”។ លោកបន្តថា “ការិយាល័យតំណាងមានតួនាទី ក្នុងការជួយផ្សព្វផ្សាយ ពីផលិតផលកម្ពុជាសម្រាប់នាំចេញ និងជួយទាក់ទាញវិនិយោគិនជប៉ុន ឱ្យចូលមកបើកអាជីវកម្ម ឬរោងចក្រផលិតនៅកម្ពុជា ដើម្បីចេញទៅទីផ្សារជប៉ុន និងប្រទេសជាច្រើនទៀតលើពិភពលោក”។
លោកបានថ្លែងថា “ដោយសារបរិមាណផលិតកម្ម និងគុណភាពទំនិញកម្ពុជា កាន់តែមានលក្ខណៈស្តង់ដារ ដូច្នេះខ្ញុំមានជំនឿថា ការនាំចេញទំនិញទៅប្រទេសជប៉ុន និងគោលដៅផ្សេងៗ លើពិភពលោកប្រាកដជានឹងកើនឡើង”៕