ដោយៈ គង់ ម៉ាលីនណា
អន្តរជាតិៈ លោកជំទាវបណ្ឌិតជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាស្តីពី “ក្តីសង្ឃឹមឆ្ពោះទៅរកកំណើនខ្ពស់ឡើងវិញ។
ការជំរុញកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងហានិភ័យ និងការរៀបចំគោលនយោបាយសម្រាប់អនាគត” ដែលជាកម្មវិធីពិភាក្សាដំបូងគេ ក្នុងវេទិកានិយ័តកម្មសាកលឆ្នាំ២០២៤ (Global Regulatory Forum 2024) រៀបចំឡើងដោយស្ថាប័នសារព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុលំដាប់ពិភពលោក Bloomberg នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
កិច្ចពិភាក្សានេះ មានវត្តមានចូលរួមពីវាគ្មិនជំនាញ ដែលជាថ្នាក់ដឹកនាំ-មន្ត្រីជាន់ខ្ពស់ មកពីធនាគារកណ្តាល និងនិយ័តករទីផ្សារមូលធននៃប្រទេសផ្សេងៗ ក្នុងនោះរួមមាន លោកRobert Holzmann ទេសាភិបាលធនាគារកណ្តាលប្រទេសអូទ្រីស ឯកឧត្តម Christian Noyer ទេសាភិបាលកិត្តិយស ធនាគារកណ្តាលបារាំង និងលោក Mohammed A. El-Kuwaiz ប្រធានអាជ្ញាធរទីផ្សារមូលធនអារ៉ាប៊ីសាអូឌីត។ កិច្ចពិភាក្សាបានផ្តោតលើ ប្រធានបទសំខាន់ៗជាច្រើនរួមមាន ការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ចសាកល និងកត្តាប្រឈម ការគ្រប់គ្រងអតិផរណា និងការរក្សាស្ថិរភាពហិរញ្ញវត្ថុជាដើម។
នាឱកាសនោះ លោកជំទាវបណ្ឌិតទេសាភិបាល បានចែករំលែកទស្សនាទាន អំពីដំណើរវិវឌ្ឍន៍នៃសេដ្ឋកិច្ចធំៗនៅលើពិភពលោក និងកម្រិតឥទ្ធិពល នៃការវិវឌ្ឍនោះមកលើសេដ្ឋកិច្ចប្រទេសកម្ពុជា ព្រមទាំងលក្ខណៈអំណោយផលមួយចំនួន ដែលអាចនឹងមានមកលើសេដ្ឋកិច្ចកម្ពុជា នាពេលខាងមុខ៕