ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោករស់ វណ្ណា បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារការអនុវត្ត គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WaSSIP) និងគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASAC)។
កិច្ចប្រជុំនេះមានការចូលរួមពី ក្រុមការងាររបស់ធនាគារពិភពលោក(WB) ដឹកនាំដោយលោក កូវ ភីរម្យ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក មន្ត្រីជំនាញបច្ចេកទេស នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ តំណាងទីប្រឹក្សាជាតិផ្នែកគាំពារសង្គម និងបរិស្ថាន ផ្នែកគណនេយ្យភាពសង្គម ផ្នែកគ្រប់គ្រងគម្រោង ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកលទ្ធកម្ម និងផ្នែកវិស្វកម្មទឹកកខ្វក់ ព្រមទាំងជំនួយការលទ្ធកម្ម និងគ្រប់គ្រងកិច្ចសន្យាគម្រោងផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារការអនុវត្តគម្រោង លើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WaSSIP) និងគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WASAC) រួមមាន១) វឌ្ឍនភាពជារួមនៃអនុគម្រោងនីមួយៗ ២) វឌ្ឍនភាពនៃការតភ្ជាប់តាមផ្ទះ ៣) វឌ្ឍនភាពនៃការអនុវត្ត គម្រោងកម្មវិធីលើកកម្ពស់វិស័យអនាម័យ ក្នុងក្រុងសៀមរាប ៤) វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ស្ថាប័ន សម្រាប់ការអភិវឌ្ឍសេវាអនាម័យ ប្រកបដោយបរិយាបន្ន នៅក្រុងសៀមរាប។
៥) វឌ្ឍនភាពនៃការអនុវត្ត គម្រោងអភិវឌ្ឍន៍ស្ថាប័ន ក្នុងក្រុងសៀមរាប ៦) វឌ្ឍនភាពនៃការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និង៧) វឌ្ឍនភាពការងារគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WASAC)៕