រដ្ឋមន្ដ្រីថាមពល: កម្ពុជាគ្រោងបង្កើនការនាំចូលថាមពលស្អាតពីបណ្តាប្រទេសជិតខាងឱ្យបានជាង ៦០០មេហ្គាវ៉ាត់

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានថ្លែងប្រាប់ទីភ្នាក់ងារសារពត៌មាន Reuters ថា កម្ពុជាគ្រោងបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការនាំចូលថាមពលស្អាតពីបណ្តាប្រទេសជិតខាងរួមមាន ប្រទេសឡាវ វៀតណាម និងថៃឱ្យបានចំនួនជាង៦០០មេហ្គាវ៉ាត់។

ចំនួនខាងលើនេះ មានការកើនឡើងជាង៥០ភាគរយ បើ ធៀបនឹងកិច្ចព្រមព្រៀង ដែលត្រូវបានឯកភាពគ្នានាពេលថ្មីៗនេះ។

លោក កែវ រតនៈ បានបញ្ជាក់ថា ចំណាត់ការនេះបានបង្ហាញពីសក្ដានុពល ក្នុងការជំរុញការតភ្ជាប់ថាមពលអាស៊ាន និងបានផ្តល់នូវជម្រើសបន្ថែមទៀត ដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់ថាមពល ខណៈទិន្នផលវារីអគ្គិសនី មានការប្រែប្រួលដោ​យ​សារតែកត្តាអាកាសធាតុ។

លោករដ្ឋមន្ត្រីបានបន្តថា “ការនាំចូលថាមពលនឹងបំពេញបន្ថែមការផ្គត់ផ្គង់ថាមពល។ ប៉ុន្តែថាមពលភាគច្រើនសម្រាប់ប្រើប្រាស់នៅកម្ពុជា នឹងនៅតែមានប្រភពចេញពីការផលិត ក្នុងស្រុកដដែល”។ 

នាពេលថ្មីៗនេះ ប្រទេសកម្ពុជាបានអនុម័ត គម្រោងថាមព​លក្នុងស្រុកចំនួន២៣គម្រោង ស្ថិតក្រោមដើមទុនវិនិយោគសរុបចំនួន៥,៧ពាន់លានដុល្លារអាមេរិក។

លោកកែវ រតនៈបានបង្ហើបឱ្យដឹងទៀតថា កម្ពុជាគ្រោងនាំចូលថាមពលពន្លឺព្រះអាទិត្យ និងថាមពលវារីអគ្គិសនីចំនួន៣០០មេហ្គាវ៉ាត់ ពីប្រទេសឡាវ ចាប់ពីឆ្នាំ២០២៦តទៅ។ ជាមួយគ្នានេះ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការអនុម័តកិច្ចព្រមព្រៀង នាំចូលថាមពលពីប្រទេសវៀតណាម និងអាចនាំចូលថាមពលចំនួន១០០មេហ្កាវ៉ាត់បន្ថែមទៀត ពីប្រទេសថៃ។

លោកបានបន្តថា “ការនាំចូលថាមពលពីប្រទេសវៀតណាម នឹងចាប់ផ្តើមឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដោយ​សារតែកម្ពុជា និងវៀតណាម បានបញ្ចប់ការពិភាក្សាលើកិច្ចព្រមព្រៀងរួចហើយ ហើយយើងកំពុងរង់ចាំការអនុម័តចុងក្រោយពីរដ្ឋាភិបាល”។

លោក កែវ រតនៈ រំពឹងថា ការតភ្ជាប់បណ្តាញថាមពលក្នុងតំបន់ នឹងក្លាយទៅជាការពិតនៅឆ្នាំ២០៣៥ ដោយបន្ថែមថា គោលនយោបាយថាមពលរបស់កម្ពុជា ជាឧទាហរណ៍មួយអំពីរបៀបទាញយកអត្ថប្រយោជន៍ពីការតភ្ជាប់ថាមពល៕ប្រភព: Reuters៕