ទំហំពាណិជ្ជកម្មកម្ពុជា កូរ៉េ សម្រេចបានទឹកប្រាក់ជិត ៦៣០លានដុល្លារក្នុងរយៈពេលបីត្រីមាស

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ទំហំពាណិជ្ជកម្មកម្ពុជា កូរ៉េ ក្នុងរយៈពេល៣ត្រីមាស ដំបូងឆ្នាំ២០២៤ មានប្រមាណ៦៣០លានដុល្លារ កើនជាង១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ កូរ៉េខាងត្បូង គឺជាដៃគូពាណិជ្ជកម្មធំទី១៣ របស់កម្ពុជា។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។

ទិន្នន័យ GDCE ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ ការនាំចេញនាំចូលទំនិញ រវាងកម្ពុជា-កូរ៉េខាងត្បូង មានទឹកប្រាក់សរុប៦២៧,៧៤ លានដុល្លារ កើនឡើង១២,៩ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន៥៥៥,៩៥លានដុល្លារ។

ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅប្រទេសកូរ៉េ មានទឹកប្រាក់២៤២,១៦ លានដុល្លារ កើនឡើង ១៦,៤ភាគរយ ចំណែកទំនិញកូរ៉េនាំចូល មានចំនួន៣៨៥,៥៨ លានដុល្លារ កើនឡើង១០,៨ ភាគរយ។

GDCE បានឱ្យដឹងទៀតថា សម្រាប់ខែកញ្ញា ឆ្នាំ ២០២៤ ការផ្លាស់ប្តូរទំនិញប្រទេសទាំង២ មានទឹកប្រាក់សរុប៧១,៤៨ លានដុល្លារ កើនឡើង៣៦,៩៤ភាគរយ ធៀបខែកញ្ញា ឆ្នាំ ២០២៣ ដែលមានត្រឹមតែ ៥២,១៩ លានដុល្លារ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) អ្នកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ឲ្យដឹងថា ការចូលជាធរមាននៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា និងកូរ៉េ(CKFTA) ព្រមទាំងទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងផ្នែកឯកជនប្រទេសទាំង២ បានធ្វើឱ្យសកម្មភាព នៃការផ្លាស់ប្តូរទំនិញកើនឡើងជាបន្តបន្ទាប់។

លោកបន្តថា ផលិតផលវាយនភណ្ឌ និងកសិកម្ម គឺជាចំណែកសំខាន់ នៃការនាំចេញរបស់កម្ពុជាទៅប្រទេសកូរ៉េ ខណៈទំនិញកូរ៉េនាំមកកម្ពុជា មានដូចជា ឧបករណ៍អេឡិចត្រូនិក យានយន្ត ឱសថ គ្រឿងសម្អាងនិងចំណីអាហារ ជាដើម។

លោកថ្លែងថា “ខ្ញុំគិតថាទឹកប្រាក់នៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង២នឹងកើនឡើងថែមទៀត ខណៈបច្ចុប្បន្នមានវិនិយោគិនកូរ៉េជាច្រើន កំពុងបណ្តាក់ទុននៅកម្ពុជា ដើម្បីផលិតទំនិញនាំចេញទៅប្រទេសកូរ៉េ និងទីផ្សារអន្តរជាតិ”។

ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោហ៊ុន សែន ក្នុងដំណើរទស្សនកិច្ច ទៅប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក លើកទី២៥ កាលពីថ្ងៃទី ១០ កញ្ញា ឆ្នាំ២០២៤ បានស្នើឱ្យលោកWoo Won-Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង ជួយជំរុញវិនិយោគិនរបស់ខ្លួន ឱ្យចូលមកវិនិយោគបន្ថែមទៀតនៅកម្ពុជា។

សម្តេចបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំការពារវិនិយោគិនកូរ៉េ និងធានានូវសុខសន្តិភាពជារួម សម្រាប់អ្នកវិនិយោគពីបរទេសទាំងអស់”។ សម្តេចបន្តថា កិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេស(SEZ) សម្រាប់ក្រុមហ៊ុនកូរ៉េនៅកម្ពុជាអាចនឹងចេញជារូបរាងឆាប់ៗ ដែលវានឹងបង្កលក្ខណៈងាយស្រួល ឱ្យអ្នកវិនិយោគកូរ៉េខាងត្បូង មកវិនិយោគនៅកម្ពុជា”៕