ដោយៈគង់ សូរិយា
បន្ទាយមានជ័យៈ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ពិសេសអ្នករស់នៅ ជាប់នឹងបណ្តាញផ្លូវតូចៗផ្សេងៗ ដែលភ្ជាប់មកកាន់ផ្លូវ “ក៥”បានស្នើឲ្យអាជ្ញាធរពិនិត្យ លើការសាងសង់ផ្លូវនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ពួកគាត់។ បណ្តាញផ្កូវតូចៗជាច្រើន ដែលតភ្ជាប់មកកាន់ផ្លូវ“ក៥”បានរងការខូចខាត ពិសេសពេលធ្លាក់ភ្លៀងមកម្តងៗ សភាពផ្លូវដូចជាថ្លុកត្រពាំង ដែលអាជ្ញាធរសង្កាត់ និងទីក្រុងប៉ោយប៉ែតហាក់មិនបានចាប់អារម្មណ៍ នឹងបញ្ហានេះនៅឡើយទេ។
ជាក់ស្តែងតាមរយៈការធ្វើដំណើរចុះ ទៅកាន់តំបន់នេះ កាលពីពេលថ្មីៗនេះ របស់ក្រុមអ្នកសារព័ត៌មាន បានសង្កេតឃើញថា បន្ទាប់ពីមានការផ្សព្វផ្សាយ ដោយបណ្តាញសារព័ត៌មានមួយចំនួន អាជ្ញាធរបានចាក់ថ្មម៉ិច ប្រមាណ២គីឡូម៉ែត្រលើផ្លូវ “ក៥” ជាចំណុចពិបាកធ្វើដំណើរខ្លាំង ប៉ុន្តែផ្លូវតូចៗ ដែលភ្ជាប់ជាមួយផ្លូវនេះ និងកំណាត់ផ្លូវទៅកាន់ច្រកអូរនាងមិនបានធ្វើឡើយ ដោយផ្លូវមានសភាពពិបាកខ្លាំង សូម្បីរថយន្តម៉ាកSUVក៏មិនអាចធ្វើដំណើរបានឡើយ។ ផ្លូវ “ក៥” ស្ថិតនៅក្នុងសង្កាត់ចំនួន៣ គឺអូរជ្រៅ សង្កាត់ប៉ោយ និងសង្កាត់អូរឬស្សី។
ប្រជាពលរដ្ឋរស់នៅតាមបណ្តាញផ្លូវនេះ និងផ្លូវតូចៗជាច្រើន ដែលធ្វើដំណើរមកកាន់កន្លែងធ្វើការ នៅភោជនីយដ្ឋាន សណ្ឋាគារ កាស៊ីណូនានា កណ្តាលក្រុងប៉ោយប៉ែត បានត្អូញត្អែរ ប្រាប់អ្នកសារព័ត៌មានរបស់យើង លើទុក្ខលំបាករបស់ពួកគេ ដែលអ្នកខ្លះត្រូវដួលម៉ូតូរថរបួស និងត្រូវប្រឡាក់សម្លៀកបំពាក់ ដោយសារពេលភ្លៀងធ្លាក់ម្តងៗបែកភក់ រអិលដួលច្រង៉ាប់ច្រងិល។
ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់ ដែលបានចុះសិក្សាសក្តានុពល និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច នៅទីក្រុងប៉ោយប៉ែតកាលពីពេលថ្មីៗនេះបានលើកឡើងថា ក្រុងប៉ោយប៉ែតប្រៀបដួចគ្រាប់ពេជ្រមួយ នៅតំបន់ភូមិភាគពាយ័ព្យប្រទេស ដែលមិនទាន់មានការកែច្នៃ ប៉ុន្តែដោយសារគោលនយោបាយសេដ្ឋកិច្ចដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ការអភិវឌ្ឍសេដ្ឋកិច្ចដ៏លឿនក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ បានធ្វើឲ្យទីក្រុងនេះ មានឱកាសរីកចម្រើនលឿន ជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេស កំណើនប្រជាសាស្រ្ត ការរីកចម្រើនផ្នែកកាស៊ីណូ វិស័យបដិសណ្ឋារកិច្ច និងវិស័យសំណង់ជាដើម។
លោកបន្តថា ប៉ុន្តែទីក្រុងនេះ មានបញ្ហាប្រឈមជាច្រើនលើបញ្ហាដូចជាទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ឋ(ផ្លូវ) និងចរន្តអគ្គិសនីដែលគ្មានគុណភាព ដែលបញ្ហានេះត្រូវបានប្រជាពលរដ្ឋក្រុងប៉ោយប៉ែតសំណូមពរ ដល់ប្រមុខរាជរដ្ឋាភិបាលគិតគូរដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកធ្វើធុរកិច្ចជាតិ អន្តរជាតិនៅទីក្រុងនេះ ហើយបញ្ហានេះ ស្ថិតនៅក្នុងគោលនយោបាយអាទិភាព ដែលរាជរដ្ឋាភិបាលតែងតែគិតគូរជាប្រចាំផងដែរ។
លោកយិន លាងគង់បានបន្តថា ក្រៅពីផ្លូវជាតិលេខ៥ ផ្លូវ “ក៥“ ក៏ជាបណ្តាញគមនាគមន៍ដ៏សំខាន់ ស្ថិតនៅប្របជាមួយ ព្រំដែនប្រទេសថៃ ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និងធ្វើដំណើរច្រើន ប៉ុន្តែផ្លូវដ៏សំខាន់មួយនេះ បណ្តាញផ្លូវភ្ជាប់មកកាន់ផ្លូវធំនេះ បានរងការខូចខាតយ៉ាងច្រើន ពិសេសនៅពេលភ្លៀងមកដល់តែងតែបែកភក់ និងរអិល ដែលអ្នកធ្វើដំណើរជួបការលំបាកជាប់ជាប្រចាំ៕