តម្លៃជួលការិយាល័យកម្រិត A នៅប្រទេសសិង្ហបុរីស្ថិតក្នុងសភាពទ្រឹង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារការិយាល័យកម្រិតA របស់ប្រទេសសិង្ហបុរី កំពុងបង្ហាញសញ្ញានៃការដាំក្បាលចុះ ខណៈអត្រាការិ យាល័យទំនេរ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង២ឆ្នាំ ដោយតម្រូវការជួលថយចុះ។

អត្រាការិយាល័យទំនេរកម្រិត A នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD) នៃទីក្រុងសិង្ហបុរី បានកើនឡើងចំនួន២ត្រីមាសជាប់ៗគ្នាដល់៨,៣ភាគរយ នៅចន្លោះខែកក្កដា ដល់ខែកញ្ញា។ នេះបើយោងតាមទិន្នន័យ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Jones Lang LaSalle (JLL)។ 

តម្លៃជួលការិយាល័យកម្រិតA ជាមធ្យមក្នុងមួយហ្វីតការ៉េបានស្ថិតក្នុងសភាពទ្រឹង ក្នុងរង្វង់១១,៥០ដុល្លារសិង្ហបុរី(ប្រហែ ល៨,៩៥ដុល្លារអាមេរិក)ក្នុងមួយខែ បន្ទាប់ពីបានកើនឡើង០,៧ភាគរយនៅក្នុងត្រីមាសមុន។

ការកើនឡើងនៃអត្រាការិយាល័យទំនេរ បណ្តាលមកពីការបើកដំណើរការ អគារការិយាល័យថ្មី IOI Central Boulevard Towers ដែលមានទំហំផ្ទៃក្រឡាការិយាល័យ ប្រហែល១,២៦លានហ្វីតការ៉េ ខណៈតម្រូវការធ្លាក់ចុះ។ប៉ុន្តែ ការផ្គត់ផ្គង់បែរជាកើនឡើង។

យ៉ាងណាមិញ ក្រុមហ៊ុន JLL បានវាយតម្លៃថា “ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងការសម្រេចចិត្តយឺតពេក ក្នុងការកាត់បន្ថយអត្រាការប្រាក់ របស់សហរដ្ឋអាមេរិកនៅខែកញ្ញានេះក៏បានជះផលប៉ះពាល់ ដល់តម្រូវការការិយាល័យ នៅសិង្ហបុរីផងដែរ”។

ទីផ្សារការិយាល័យ របស់ប្រទេសសិង្ហបុរីធ្លាក់ចុះ ស្របពេលប្រភពសំខាន់ ក្នុងការជំរុញតម្រូវការ ជួលការិយាល័យបានថមថយចុះ ដូចជា ការធ្លាក់ចុះនៃតម្រូវការជួលការិយាល័ យរបស់ក្រុមហ៊ុន ប្រកបអាជីវកម្មក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យបច្ចេកវិទ្យា។ 

លោក Andrew Tangye ប្រធានទទួលបន្ទុកផ្នែកជួលការិ យាល័យ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន JLL Singapore បានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អត្រាការិយាល័ យទំនេរ នៅតែអាចបន្តកើនឡើង ក្នុងរយៈពេលប៉ុន្មានត្រីមាសខាងមុខ ខណៈក្រុមហ៊ុននានា កំពុងជួបប្រទះបញ្ហាកំណើន នៃការចំណាយលើប្រតិបត្តិការកាន់តែខ្ពស់៕ប្រភព: Business Times៕