ដោយៈ គង់ សូរិយា
ភ្នំពេញៈ រយៈពេលប្រមាណ១០ខែ បន្ទាប់ពីការប្រកាសដាក់ចេញកម្មវិធីជម្រុញការវិនិយោគ ដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ខេត្តព្រះសីហនុទទួលបានគំរោងវិនិយោគចំនួនរហូតដល់១៤០គំរោង។
តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី១០ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។
អង្គប្រជុំបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន៣០ ដែលមានទុនវិនិយោគសរុប៥៩០លានដុល្លារអាមេរិក ជាអាទិ៍ រោងចក្រស្ល និងកែច្នៃលោហធាតុ រោងចក្រផលិតសម្ភារៈវេចខ្ចប់ រោងចក្រកែច្នៃស្បែ ក ផ្សារទំនើប អគារពហុមុខងារ សណ្ឋាគារ និងភោជនីយដ្ឋាន។
បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន១១០គម្រោង រួចមកហើយ គិតត្រឹមខែ សីហា ឆ្នាំ២០២៤ ។ ដោយរាប់បញ្ចូលទាំងគម្រោង ដែលទទួលបានការឯកភាព ក្នុងកិច្ចប្រជុំនាថ្ងៃនេះ គម្រោងដែលទទួលបានការលើកទឹកចិត្តពិសេស សរុបមានចំនួន១៤០ គម្រោង រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និង ធំរបស់ម្ចាស់គម្រោង និងក្រុមហ៊ុនក្នុងស្រុក និងបរទេស ដែលមានវិសាលភាព នៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ។
ជាមួយនេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ក្រៅពីការពិនិត្យផ្តល់ការលើកទឹកចិត្ត និងការជំរុញការអនុវត្តវិធានការលើកទឹកចិត្ត ដល់គម្រោងវិនិយោគ និងធុរកិច្ច ក្រុមការងារបាន និងកំពុងអនុវត្តវិធានការជាច្រើន ដើម្បីជំរុញសម្ទុះ សកម្មភាពវិនិយោគក្នុងខេត្ត ដែលរួមមាន ការអនុវត្តយុទ្ធនាការទីក្រុងសុវត្ថិភាព ការរៀបចំវេទិកាទាក់ទាញការវិនិយោគ ការគាំទ្រដល់ការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម, និងការរៀបចំតំបន់អភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ។
លោកបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និងឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់ បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និងអាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
ទន្ទឹមនេះ ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិន អញ្ជើញដាក់ពាក្យ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន”អត្ថប្រយោជន៍ពិសេស” នៅទីតាំងដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២២០០, +៨៥៥ ៨៩ ៧២៦០២៨ និង +៨៥៥ ១៦ ៣២១០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខ ទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣៕