ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រយៈពេល៨ខែដើមឆ្នាំ២០២៤ ការផ្លាស់ប្តូរទំនិញរវាងប្រទេសកម្ពុជា និងអាមេរិក សម្រេចបានទឹកប្រាក់សរុបជិត ៧ពាន់លានដុល្លារ។
ជាមួយនឹងវិសាលភាព កាន់តែប្រសើរលើទំនាក់ទំនងពាណិជ្ជកម្ម ប្រទេសទាំងពីរ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយ លោកតាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំតំណាងក្រុមហ៊ុននៅកម្ពុជាជាង ៥០ ទៅបំពេញទស្សនកិច្ចធុរកិច្ច នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ទៅចូលរួមក្នុងជំនួបពាណិជ្ជកម្មកម្ពុជា -អាមេរិក ឆ្នាំ២០២៤កន្លងមកនេះ។
នៅក្នុងដំណើរទស្សនកិច្ចនេះ នឹងមានកម្មវិធីជំនួបពាណិជ្ជកម្មកម្ពុជា-អាមេរិក ការធ្វើបទបង្ហាញស្តីពី និន្នាការទីផ្សារ អនុលោមភាពបទប្បញ្ញត្តិ និងប្រព័ន្ធភស្តុភារ ដែលជាព័ត៌មានគន្លឹះសម្រាប់ធុរជនកម្ពុជា ក្នុងការនាំផលិតផលចូលក្នុងទីផ្សារអាមេរិក។ ផលិតផលសំខាន់ៗ ដែលកម្ពុជាយកទៅចូលរួមក្នុងកម្មវិធីជំនួបពាណិជ្ជកម្មនេះ មានដូចជា អង្ករ ម្រេច គ្រាប់ស្វាយចន្ទី ដំណាប់ផ្លែឈើ ខ្ញី ដំឡូងជ្វា ត្រីងៀត ទឹកត្រី អំបិល និង ផលិតផលបង្កក(ទុរេន និងមៀន) ជាដើម។
ទន្ទឹមនឹងនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងបំពេញទស្សនកិច្ចទៅកាន់ផ្សារទំនើប និងក្រុមហ៊ុនចែកចាយផលិតផលនៅទីផ្សារអាមេរិក ដើម្បីស្វែងយល់ពីតម្រូវការទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់។ នេះបើតាម CCC។
អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោក ងួន ម៉េងតិច បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មកម្ពុជាធ្លាប់បានធ្វើកម្មវិធីបែបនេះជាច្រើនដងហើយ ចាប់តាំងពីឆ្នាំ២០១១ ដោយក្នុងជំនួបម្តងៗ តែងតែមានការពិភាក្សាគ្នា ដើម្បីធ្វើយ៉ាងណាជំរុញការនាំចេញទំនិញកម្ពុជា ពិសេសផលិតផលកសិកម្មទៅទីផ្សារអាមេរិក ឱ្យបានកាន់តែច្រើន។
លោកថ្លែងថា “យើងរំពឹងថាជំនួបនេះ នឹងផ្តល់ផលវិជ្ជមានសម្រាប់ការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារអាមេរិក ខណៈទំហំពាណិជ្ជកម្ម រវាងប្រទេសទាំង២ បានកើនឡើងជាបន្តបន្ទាប់។
យោងតាមទិន្នន័យដែលកត់ត្រា ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ចន្លោះពីខែមករា-សីហា ឆ្នាំ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា-អាមេរិក មានទឹកប្រាក់សរុប៦,៩២ពាន់លានដុល្លារ កើនឡើង១០,៤ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមាន ៦,២៧ពាន់លានដុល្លារ៕