ថ្នាក់ដឹកនាំហិរញ្ញវត្ថុអាស៊ាន បើកកិច្ចប្រជុំពិភាក្សាលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់

        ដោយៈ ច្រាយ ចំណាន

        វៀតណាមៈ លោករ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនា​គារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួម កិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់ (Senior Level Committee-SLC) ស្តីពីសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន លើកទី២៨។

កិច្ចប្រជុំ បានពិភាក្សាពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរ​ញ្ញវត្ថុតំបន់ និងពិនិត្យមើលពីវឌ្ឍនភាព នៃការងារសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន ដើម្បីដាក់ចេញនូវគំនិតផ្តួចផ្តើមផ្សេងៗ សំដៅជំរុញនិងពន្លឿនសមាហរណកម្ម ហិរញ្ញវត្ថុអាស៊ានឱ្យស្របតាមទស្សនវិស័យ សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (AEC 2025) និងផែនការយុទ្ធសាស្រ្តសម្រាប់ AEC ឆ្នាំ២០២៦-២០៣០។

 សេដ្ឋកិច្ចតំបន់អាស៊ានបន្តងើបឡើង ដែលគាំទ្រជាចម្បង ដោយភាពធន់នៃតម្រូវការក្នុងស្រុក និងការងើបឡើងនៃការនាំចេញ ក្នុងបរិការណ៍នៃស្ថានភាពប្រសើរឡើង នៃតម្រូវការខាងក្រៅ។

ទោះយ៉ាងណា ថាមភាពនៃកំណើនសេដ្ឋកិច្ចមិនទាន់បានត្រលប់ទៅរក កម្រិតនៅមុនវិបត្តិកូវីដ-១៩ យ៉ាងហោចណាស់ ទាមទាររយៈពេលមធ្យមទៅមុខ ដោយ​សារការបែងចែកភូមិ​សាស្រ្តសេដ្ឋកិច្ច ភាពតានតឹងភូមិសាស្រ្តនយោបាយ និងការប្រឈមកាន់តែខ្លាំង នៃការប្រែប្រួលអាកាសធាតុ ជាដើម។

អង្គប្រជុំបានកោតសរសើរ និងអបអរសាទរចំពោះក្រុមការ​ងារអាស៊ានទាំងអស់ ដែលបានខិតខំបំពេញ និងបញ្ចប់ការ​ងារ តាមផែនការអាទិភាពប្រចាំឆ្នាំ (annual priorities) និងបានកំពុងរៀបចំ ផែនការយុទ្ធសាស្រ្តអាស៊ាន ឆ្នាំ២០២៦-២០៣០ ស្របតាមគោលដៅយុទ្ធសាស្រ្តទាំង៦ រួមមាន i/-សហគមន៍ ដែលមានសកម្មភាពរស់រវើក ii/-សហគមន៍ប្រក​បដោយចីរភាព iii/-សហគមន៍ប្រកបដោយភាពច្នៃប្រឌិត iv/-សហគមន៍ ដែលអាចសម្របខ្លួនបានងាយ និងបុរេសកម្ម v/-សហគមន៍ដែលមានភាពធន់ និងរហ័សរហួន និង vi/-សហគមន៍ដែលប្រកបដោយបរិយាបន្ន ភាពចូលរួម និងសហការ។

ទន្ទឹមនេះ អង្គប្រជុំក៏បានជំរុញឱ្យសមាជិក ពិនិត្យលទ្ធភា​ពក្នុងការបង្កើន ទំហំកិច្ចព្រមព្រៀងអាស៊ានស្វប់ ដើម្បីពង្រឹ​ងបណ្តាញសុវត្ថិភាព ហិរញ្ញវត្ថុតំបន់សម្រាប់ជាទ្រនាប់ ក្នុងពេលវិបត្តិ ដែលអាចកើតមានជាយថាហេតុ៕