ដោយ: គង់ លាងហួរ
បាងកក: យោងតាមការស្ទង់មតិបានបង្ហាញថា បំណុលគ្រួសារជាមធ្យមរបស់ប្រទេសថៃ បានហក់ឡើងដល់កម្រិតខ្ពស់បំផុត ដោយសារតែការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ប្រាក់ចំណូល និងថ្លៃចំណាយលើការរស់នៅមានកម្រិតខ្ពស់។
បំណុលជាមធ្យមក្នុងមួយគ្រួសារ មានទំហំទឹកប្រាក់ចំនួន៦០៦.៣៧៨បាត (ប្រហែល១៧.៩០៨ដុល្លារអាមេរិក) កើនឡើង៨,៤ភាគរយ បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការស្ទង់មតិនៅខែកញ្ញា ដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ។
តួលេខនេះជាកម្រិតបំណុល ជាមធ្យមខ្ពស់បំផុតមិនធ្លាប់ប្រទះ ចាប់តាំងពីការស្ទង់មតិ ត្រូវបានចាប់ផ្តើមរៀបចំឡើងជាលើកដំបូងនៅក្នុងឆ្នាំ២០០៩។
កំណើននៃបំណុលក្នុងគ្រួសារ បានជះផលប៉ះពាល់លើប្រទេសថៃ។ កំណើនសេដ្ឋកិច្ចថៃ បានកើនឡើងនៅក្នុងអត្រាទាបជាង បណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ ព្រោះប្រទេសថៃក៏កំពុងប្រឈមមុខ នឹងបញ្ហាអត្រាការប្រាក់ និងការនាំចេញធ្លាក់ចុះ ខណៈតម្រូវការនៅប្រទេសចិន ងើបឡើងវិញយ៉ាងយឺតសន្សឹមៗ។
រដ្ឋាភិបាល និងធនាគារកណ្តាលថៃ បានសម្តែងការព្រួយបារម្ភ ចំពោះបំណុលគ្រួសារចំនួន១៦,៤ទ្រីលានបាត (ប្រហែល៤៨៤ពាន់លានដុល្លារ) ឬស្មើនឹងចំណែក៩០,៨ភាគរយនៃផលទុនជាតិសរុបរបស់ខ្លួន (GDP) គិតត្រឹមដំណាច់ចុងខែមីនា ឆ្នាំ២០២៤។
យោងតាមការស្ទង់មតិ លើមនុស្សចំនួន១៣០០នាក់បានរកឃើញថា អ្នកឆ្លើយសំណួរភាគច្រើន បានជួបប្រទះបញ្ហាខ្វះខាតលទ្ធភាព ក្នុងការទូទាត់សងបំណុលកាលពីឆ្នាំមុន ហើយពួកគេនឹងបន្តប្រឈមមុខ បញ្ហាដូចគ្នានេះក្នុងឆ្នាំបន្ទាប់។
លោក Pichai Chunhavajira រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានលើកឡើងថា បញ្ហាបំណុលទាមទារការដោះស្រាយជាបន្ទាន់។ ធនាគារកណ្តាលថៃគួរតែជួយដល់អ្នកខ្ចី”។ លោកក៏គ្រោងនឹងពិភាក្សា ជាមួយបណ្តាធនាគារពាណិជ្ជនានា អំពីការផ្តល់ជូនការអនុគ្រោះបន្ថែមទៀត ដល់កូនបំណុលផងដែរ។
ជាមួយគ្នានេះ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃថ្មី បានប្តេជ្ញាថា លោកស្រីនឹងជំរុញសេដ្ឋកិច្ចភ្លាមៗ ក្រោយពីបានស្បថចូលកាន់តំណែង។
រដ្ឋាភិបាលថៃ គ្រោងនឹងចែកចាយប្រាក់ឌីជីថលចំនួន១៤៥ពាន់លានបាត (ប្រហែល៤,៣ពាន់លានដុល្លារ) ស្ថិតក្រោមកម្មវិធីជំរុញ “កាបូបឌីជីថល” នៅក្នុងខែកញ្ញានេះ ដែលលឿនជាងការគ្រោងទុក ដើម្បីជួយដល់ប្រជាជនងាយរងគ្រោះ៕ប្រភព: Reuters៕