មន្រ្តី និងអ្នកជំនាញការជប៉ុនបានកំណត់ទីតាំងចំណុចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញបាវិត ជាមួយប្រទេសវៀតណាម

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំ ពិភាក្សាជាមួយប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំប្រទេសកម្ពុជា (JICA Cambodia)ស្តីពី ការកំណត់ទីតាំងចំណុចតភ្ជាប់ ផ្លូវល្បឿនលឿ​ន​ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនក្រុងហូជីមិញ-ម៉ុកបៃ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំ ដោយលោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំពិភាក្សាជាមួយប្រតិភូ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំប្រទេសកម្ពុជា (JICA Cambodia) ដឹកនាំដោយលោក Izumi Takahiro តំណាង JICA ប្រចាំកម្ពុជា។

ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ស្វែងយល់លក្ខណៈបច្ចេកទេស នៃការកំណត់ទីតាំងចំណុចតភ្ជាប់ផ្លូវល្បឿនលឿនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា MOU-2017 ដែលបានធ្វើការសិក្សាដោយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា(JICA Cambodia) តាំងពីឆ្នាំ២០១៥ និងលទ្ធភាពនៃកិច្ចសហការតាមរយៈ JICA Cambodia និងJICA Vietnam លើទិដ្ឋភាពបច្ចេកទេស ក្នុងការជំរុញ និងការកំណត់ទីតាំងចំណុចតភ្ជាប់ផ្លូវល្បឿនលឿន ឱ្យបានឆាប់ និងមានអត្ថប្រយោជន៍ក្នុងរយៈពេលវែងសម្រាប់ប្រទេសទាំងពីរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីវឌ្ឍនភាព និងចំណុចសំខាន់ៗសម្រាប់ JICA Cambodia ធ្វើការស្វែងយល់ និងពិនិត្យលទ្ធភាពធ្វើកិច្ចសហការជាមួយ JICA Vietnam រួមមាន៖ ទី១- តាមរយៈកំណត់ហេតុកិច្ចប្រជុំ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ភាគីវៀតណាម នឹងរៀបចំគណៈកម្មការចម្រុះថ្នាក់ជាតិ ដើម្បីធ្វើការចរចារជាមួយកម្ពុជា ទី២ -JICA Cambodia បាននឹងកំពុងអនុវត្តន៍ គម្រោងធ្វើឱ្យប្រសើរឡើង ផ្នែកភស្តុភារកម្មជំហាន២ តាមព្រំដែនកម្ពុជា-វៀតណាម ដោយពាក់ព័ន្ធសំខាន់នឹងការតភ្ជាប់ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។

ទី៣-សូមកិច្ចសហការជាមួយខាងJICA Vietnam បង្ហាញពីស្ថានភាពតភ្ជាប់ តាមរយៈផ្លូវជាតិលេខ២២ របស់ប្រទេសវៀតណាមមកច្រកបាវិត គឺមិនអាចទៅរួច និងមានផលលំបាកច្រើន ដោយនៅខាងកម្ពុជាមានស្ថានភាពស្ទះខ្លាំង នាពេលបច្ចុប្បន្ន និងទី៤-ភាគីកម្ពុជា បានត្រៀមជាស្រេច និងមានភាពបត់បែន ចំពោះចំណុចតភ្ជាប់ម្តុំបង្គោលលេខ១៦៤ ដើម្បីសម្រួ​លគ្នាទៅវិញទៅមក ក្នុងការកំណត់ចំណុចតភ្ជាប់ឱ្យបានជោគជ័យ៕