CDC និង NBC រួមគ្នាបន្តកិច្ចសហប្រតិបត្តិការក្នុងបច្ចេកវិទ្យាឌីជីថលដើម្បីជម្រុញការវិនិយោគ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិ រួមគ្នាបន្តកិច្ចសហការជិតស្និត ក្នុងក្របខណ្ឌប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជំរុញការវិនិយោគ។

ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោកហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងជំនួ​បពិភាក្សាការងារ និងស្ដាប់បទបង្ហាញរបស់មន្ត្រីជំនាញនៃធនាគារជាតិនៃកម្ពុជា ដែលដឹកនាំដោយ លោកអេង សុភា ប្រធាននាយកដ្ឋានសេវាធនាគារ អំពីប្រព័ន្ធធនាគារអនឡាញ(OBS) និងប្រព័ន្ធបាគង។

ក្នុងជំនួបនេះក៏មានការចូលរួម ពីលោកអ៊ូ សុផល ប្រធានស្ដីទីនាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមន្ត្រីជំនា​​​ញផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបច្ចេកវិទ្យាក្រោមឱវាទក.អ.ក. ជាច្រើនរូបផងដែរ។

លោកហ៊ាង សុទ្ឋាយុត្តិ បានរំលេចជូនអំពីវឌ្ឍនភាពថ្មីៗរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកិច្ចការងារពាក់ព័ន្ធបច្ចេកវិទ្យា រួមមានការដាក់ចេញ ឱ្យប្រើប្រាស់សាកល្បង ផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬ ប្រព័ន្ធ cdcIPM ដែលកិច្ចការងារនេះបានអនុវត្តន៍ ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាអាទិភាពគន្លឹះ និងជាបញ្ចកោណទី៥ ដើម្បីជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម៕