មន្រ្តីជាន់ខ្ពស់សម្រេចលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ ពិភាក្សា និងសម្រេចលើសេ​ច​ក្ដីព្រាងអនុក្រឹត្យស្ដីពី ការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក។

         កិច្ចប្រជុំកាលពីថ្ងៃទី៥ កញ្ញាកន្លងមកនេះ ដោយមានការចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំ ក្រុមការងារជំនាញបច្ចេកទេ​ស និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណង ពិនិត្យពិភាក្សា ផ្លាស់ប្ដូរយោបល់ និងកែសម្រួលនូវការប្រើប្រាស់ ពាក្យពេចន៍ ឃ្លាប្រយោគ និងខ្លឹមសារ សំដៅធ្វើឱ្យសេចក្ដីព្រាងអនុក្រឹត្យនេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ មានសង្គតិភាព ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ជាពិសេសរក្សាបាននូវសុខសុវត្ថិភាព នៃការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឆ្លើយតបទៅតាមការវិវត្ត តាមស្ថានភាពជាក់ស្តែងលើវិស័យដឹកជញ្ជូនផ្លូវដែកនៅប្រទេសកម្ពុជា។

សេចក្ដីព្រាងអនុក្រឹត្យនេះ ត្រូវបានក្រុមការងារពិនិត្យនិងពិភាក្សាកម្រិតបច្ចេកទេសរួចរាល់ បន្ទាប់មកនឹងត្រូវប្រជុំពិនិត្យ ពិភាក្សានិងសម្រេចចុងក្រោយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្ត្រី មុននឹងបន្តនីតិវិធីតាមយន្តការទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីធានាថានៅពេលដែលអនុក្រឹត្យនេះ ចេញទៅនឹងមានការឯកភាពគ្នាពីក្រសួង សា្ថប័នពាក់ព័ន្ធ ព្រមទាំងអាចយកទៅអនុវត្តបានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់៕