ក្រសួងពាណិជ្ជកម្មបណ្តុះបណ្តាលមន្រ្តីគណៈកម្មការចចារកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលអាស៊ាន

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តី គណៈកម្មការចរចាកិច្ចព្រមព្រៀង ក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) លើកទី២។

វគ្គនេះសហការរៀបចំឡើង ដោយក្រសួងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) គម្រោង EU-German Gate។

វគ្គបណ្ដុះបណ្ដាលពិសេសនេះ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសមាសភាព សមាជិកគណៈកម្មការចរចា កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល អាស៊ាន (DEFA NC) មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្តោតសំខាន់ លើប្រធានបទសំខានៗចំនួន ៣ រួមមាន ១- ពាណិជ្ជកម្មដោយគ្មានក្រដាសស្នាម (Paperless Trading) ។

២- លំហូរទិន្នន័យឆ្លងព្រំដែន និងការកំណត់ទីតាំងទិន្នន័​យ (Cross-Border Data Flows and Data Localization) និង៣- អត្តសញ្ញាណឌីជីថល (Digital Identities)។

កម្មវិធីបណ្តុះបណ្តាលនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងដំណាក់កាលដ៏សំខាន់មួយ បន្ទាប់ពីកិច្ចចរចា DEFA ចំនួន ៥ជុំ ជាបន្ដបន្ទាប់ និងការត្រៀមខ្លួន សម្រាប់ការចូលរួមចរចាជុំទី៦ នាពេលខាងមុខ ខណៈដែលកម្ពុជាកំពុងស្ថិតនៅចំណុចរបត់នៃបរិវត្តកម្មឌីជីថល ដែលទាមទាឱ្យកម្ពុជាត្រូវសម្របខ្លួន និងត្រៀមខ្លួនរួចរាល់ សម្រាប់ការស្រូបទាញ នូវផលប្រយោ​ជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលនេះ។

លើសពីនេះ ការចូលរួមកម្មវិធីបណ្តុះបណ្តាល នាឱកាសនេះ គឺជាសក្ខីភាពមួយ ​ដែលបានបង្ហាញនូវការប្តេជ្ញាចិត្តរួមរបស់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងត្រៀមខ្លួននិងការទាញយកសក្តានុពលនៃពាណិជ្ជកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថល មិនត្រឹមតែ សម្រាប់កម្ពុជាតែឯងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់តំបន់អាស៊ានទាំងមូលផងដែរ៕