ដោយ: គង់ លាងហួរ
អន្តរជាតិ: វិបត្តិទីផ្សារលំនៅដ្ឋានរបស់ប្រទេសចិន កំពុងបន្តស្ថិតក្នុងភាពជាប់គាំង និងមិនមានច្រកចេញ ខណៈចំណាត់ការរបស់រដ្ឋាភិបាលចិន ពុំទាន់អាចឆ្លើយតប និងជួយអូសទាញវិស័យទាំងមូល ឱ្យរួចផុតពីបញ្ហាបាននៅឡើយ។
ជាក់ស្តែង តម្លៃលំនៅដ្ឋានថ្មី និងតម្លៃលំនៅដ្ឋានប្រភេទទី២ ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះចន្លោះពី១,៧៦ភាគរយ ទៅ៦,៨៩ភាគរយ នៅឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNBC។
លោក Haibin Zhu ប្រធានដឹកនាំក្រុមសេដ្ឋវិទូនៅធនាគារខ្នាតយក្ស JPMorgan ប្រចាំប្រទេសចិន បានថ្លែងទៅកាន់សារពត៌មាន CNBC ថា ស្ថានភាពទីផ្សារលំនៅដ្ឋាន នៅប្រទេសចិន ពុំទាន់មានស្ថិរភាពនៅឡើយ។ ប៉ុន្តែយ៉ាងណាមិញ លោកព្យាករណ៍ថា វិស័យអចលនទ្រព្យចិន អាចនឹងបង្ហាញសញ្ញាល្អប្រសើរឡើងវិញបន្តិចនៅឆ្នាំ២០២៥ខាងមុខ។
កាលពីខែមិថុនា តម្លៃលំនៅដ្ឋាននៅទីក្រុងចំនួន១០០ ទូទាំងប្រទេសចិន បានកើនឡើង០,១៣ភាគរយ ហើយនៅខែកក្កដា តម្លៃផ្ទះនៅប្រទេសចិន បានបន្តកើនឡើង០,១១ភាគរយបន្ថែមទៀត ប៉ុន្តែប្រសិនបើគិតនៅក្នុងឆ្នាំ២០២៤ទាំងមូល តម្លៃផ្ទះនឹងនៅតែបន្តធ្លាក់ចុះ។
យោងតាមសារព័ត៌មាន Bloomberg បានចុះផ្សាយថា ក្នុងបរិបទនេះ រដ្ឋាភិបាលចិនកំពុងពិចារណា ជួយសម្រាលបន្ទុកនៃការចំណាយ លើការខ្ចីប្រាក់របស់ម្ចាស់ផ្ទះ ដោយអនុញ្ញាតឱ្យធនាគារនានា រៀបចំផ្តល់កញ្ចប់ហិរញ្ញប្បទានថ្មី ក្នុងទំហំទឹកប្រាក់ចំនួន៥,៤ទ្រីលានដុល្លារ។
ទាក់ទងនឹងចំណាត់ការថ្មីនេះ លោកស្រី Winnie Wu អ្នកយុទ្ធសាស្រ្តភាគហ៊ុនចិន ប្រចាំនៅក្រុមហ៊ុន BofA Securities បានមានប្រសាសន៍ឱ្យដឹងថា ការទម្លាក់អត្រាការប្រាក់លើកម្ចីទិញផ្ទះ នឹងជំរុញឱ្យធនាគារនានា បញ្ចុះអត្រាការប្រាក់លើការដាក់ប្រាក់បញ្ញើរបស់អតិថិជន ដើម្បីទប់ស្កាត់ហានិភ័យឥណទាន និងធានាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុ ហើយអាចជះឥទ្ធិពលដល់ប្រាក់ចំណូលសន្សំ ក្នុងធនាគាររបស់ប្រជាជនចិន។
លោកស្រីបានបន្ថែមថា ទោះបីជារដ្ឋាភិបាលចិនដាក់ចេញគោលនយោបាយផ្តល់ប្រាក់កម្ចីថ្មី សម្រាប់ការទិញផ្ទះយ៉ាងណាក្តី ប៉ុន្តែក៏មិនប្រាកដថា អាចធ្វើឱ្យទីផ្សារលំនៅដ្ឋានស្ទុះងើបឡើងបានទេ ព្រោះគោលនយោបាយនេះ ផ្តល់ប្រយោជន៍ជាចម្បងសម្រាប់តែម្ចាស់ផ្ទះប៉ុណ្ណោះ៕ប្រភព: CNBC៕