ប្រតិភូពាណិជ្ជកម្មទីក្រុងស៊ាងហៃពិភាក្សាពីឱកាសវិនិយោគនិងផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សា សម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ ទីក្រុងសៀ​ង​ហៃ (CPIT Shanghai) ពិភាក្សាលើការពិនិត្យលទ្ធភាពផ្សព្វផ្សា​យអំពីការវិនិយោគឯកជន រវាងប្រទេសកម្ពុជា និងទីក្រុងសៀងហៃ។

លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក Zhou Minhao អគ្គនាយក នៃក្រុមប្រឹក្សាសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិទីក្រុងសៀងហៃ (Council for the Promotion of International Trade Shanghai – CPIT Shanghai) និងសហការី ចូលជួបពិភាក្សាការងារ។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ចំពោះគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានគូសរំលេចអំពីវិស័យជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគ ដូចជា ការវិនិយោគលើគ្រឿងបង្គុំអេឡិចត្រូនិក វិស័យយានយន្ត វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មជាដើម។

លោកឧបនា​យករដ្ឋមន្ត្រី បានបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងរីករា​យ​រង់ចាំ ផ្តល់កិច្ចសម្របសម្រួល ជូនដល់វិនិយោគិន ដែលមានបំណង ស្វែងយល់អំពីសក្ដានុពលកម្ពុជា មុននឹងឈានដល់ការសម្រេចចិត្តដាក់ទុនវិនិយោគ។ 

លោក Zhou Minhao បានលើកឡើងថា ទស្សនកិច្ចនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យលទ្ធភាព ក្នុងការចូលរួមផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ព្រមទាំងកិច្ចការពាណិជ្ជកម្ម និងការវិនិយោគឯកជន រវាងក្រុងសៀងហៃ និងប្រទេសកម្ពុជា។

ក្នុងនោះដែរ គណៈប្រតិភូ CPIT Shanghai ក៏បានលើកឡើងអំពីគោលបំណង ក្នុងការជួយផ្សព្វផ្សាយ នូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មី របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការគ្រប់គ្រងគម្រោងវិនិយោគ និងបានបង្ហាញឆន្ទៈ ក្នុងការសហការរៀបចំសិក្ខាសាលា វេទិកាធុរកិច្ច ឬការផ្គូរផ្គងវិស័យឯកជនរវាងកម្ពុជា-សៀងហៃ នៅក្នុងទីក្រុងសៀងហៃ ដើម្បីជាការគាំទ្រដល់កាងារវិនិយោគរវាងគ្នាផងដែរ៕