ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវ Flerida Ann P.Mayo ឯកអគ្គរដ្ឋទូត ហ្វីលីពីនប្រចាំកម្ពុជា បានស្នើរដ្ឋមន្រ្តីកសិកម្មបន្តអនុស្សរណៈនៃការយោគយល់ រវាងប្រទេសទាំងពីរបន្ថែមទៀត។
សំណើរនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលទទួលជួបសម្តែងការគួរសម ជាមួយលោកជំទាវ Flerida Ann P.Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី៣ កញ្ញាកន្លងមកនេះ។
លោករដ្ឋមន្ត្រី បានណែនាំឱ្យភាគីហ្វីលីពីន សហការធ្វើការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានបទពិសោធក្នុងការវេចខ្ចប់ និងមានបច្ចេកទេស ក្នុងការនាំចេញស្រូវអង្ករទៅក្រៅប្រទេស ព្រមទាំងសិក្សាពីនីតិវិធីអនាម័យ ភូតគាមអនាម័យ និងច្បាប់រវាងប្រទេសទាំងពីរ ឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ។
ទន្ទឹមនឹងនេះលោកជំទាវ Flerida Ann P.Mayo ក៏បានលើកឡើងពីសំណើបន្ត ពង្រឹងអនុស្សរណៈយោគយល់ (MoU) រវាងប្រទេសហ្វីលីពីន និងប្រទេសកម្ពុជា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិវិនិយោគលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្មនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ចំពោះសំណើរ បន្តពង្រឹងអនុស្សារណៈយោគយល់ (MoU) ដោយត្រូវផ្តោតលើអ្វី ដែលប្រទេសទាំងពីរអាចធ្វើបានជាមួយគ្នា ជាពិសេសជំរុញការធ្វើកសិពាណិជ្ជកម្ម ឱ្យចេញជារូបរាងពិតប្រាកដ ដែលមានភាពបុរេសកម្ម និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ លោកឌិត ទីណាបានបន្ថែមថា កម្ពុជាស្វាគមន៍វិស័យឯកជន ដែលមានបំណងវិនិយោគ លើវិស័យស្រូវអង្ករ ហើយកម្ពុជាមានកសិផល ដែលមានគុណភាពល្អ ប្រណិត សម្រាប់ផ្គត់ផ្គង់ដល់ការនាំចេញផងដែរ៕