ដោយ: គង់ លាងហួរ
អន្តរជាតិ: សហរដ្ឋអាមេរិកកំពុងឈានមុខគេ ក្នុងផ្នែកសំណង់សណ្ឋាគារជាសកល ដោយបានរៀបចំគម្រោងសណ្ឋាគារចំនួន៦.០៩៥គម្រោង សម្រាប់សាងសង់នាពេលអនាគត ដែលមានជាង៧០ម៉ឺនបន្ទប់។ នេះបើយោងតាម របាយការណ៍របស់ទីភ្នាក់ងារ Lodging Econometrics។
ប្រទេសចិនឈរនៅលេខរៀងទី២ ដោយមានគម្រោងសណ្ឋាគារ នាពេលអនាគតចំនួន៣.៨១៥គម្រោង ដែលមានជិត៧០ម៉ឺនបន្ទប់។ ប្រសិនបើបូកបញ្ចូលគ្នា ប្រទេសទាំង២នេះមានចំណែក៦៤ភាគរយ នៃគម្រោងសាងសង់សណ្ឋាគារសរុបទូទាំងពិភពលោក។
នៅសហរដ្ឋអាមេរិក ទីក្រុង Dallas មានគម្រោងសណ្ឋាគារនាពេលអនាគត ច្រើនបំផុតចំនួន១៨៩គម្រោង និងមាន២២.៣៩២បន្ទប់។ ចំណែក ទីក្រុង Atlanta មានគម្រោងសណ្ឋាគារចំនួន១៥៩គម្រោង និងមាន១៨.៥២២បន្ទប់ លើសពីទីក្រុងធំៗរបស់ប្រទេសចិន ដូចជា ទីក្រុង Chengdu និងទីក្រុងសៀងហៃ។
របាយការណ៍បង្ហាញថា បច្ចុប្បន្ន គម្រោងសណ្ឋាគារចំនួន៦.២៦៥គម្រោង កំពុងស្ថិតក្រោមការសាងសង់ នៅទូទាំងពិភពលោក ខណៈគម្រោងចំនួន៥.២១៦ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលធ្វើផែនការដំបូង។ គម្រោងទាំងនេះ ត្រូវឆ្លងកាត់ដំណាក់កាលខុសៗគ្នា ចាប់ពីការធ្វើផែនការដំបូងដល់ដំណាក់កាលសាងសង់។
លោក Dimitrios Buhalis សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Bournemouth នៅក្នុងប្រទេសអង់គ្លេស បានលើកឡើងថា “សណ្ឋាគារមានតម្រូវការកាន់តែធំ ជាពិសេសបន្ទាប់ពីជំងឺកូវីដ។ មនុស្សចង់ធ្វើដំណើរ ដោយសារតែពួកគេ មិនឱ្យតម្លៃលើការទិញទំនិញសម្ភារៈ ប៉ុន្តែពួកគេឱ្យតម្លៃលើបទពិសោធន៍”។
សម្រាប់អនាគតខាងមុខ កំណើននៃការសាងសង់សណ្ឋាគារត្រូវបានគេរំពឹងថា នឹងបន្តមានភាពរ៉ឹងមាំ។និន្នាការនេះ នឹងជះឥទ្ធិពល ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ជាពិសេសវិស័យការងារ ទេសចរណ៍ និងអចលនទ្រព្យ៕ប្រភព:Newsweek៕