ដោយៈ និស្ស័យ
ភ្នំពេញៈ លោកកឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ បានបើកកិច្ចប្រជុំ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តជាគោលការណ៍ លើឯកសារទស្សនទាននៃសសរស្តម្ភទាំង៦ នៃក្របខណ្ឌគោលនយោបាយ ពាណិជ្ជកម្មកម្ពុជា និងរៀបចំតារាងកាលវិភាគការងារ និងសមាសភាពរបស់ក្រុមការងារតាមសសរស្តម្ភនីមួយៗ មុននឹងធ្វើការពិគ្រោះយោបល់ជាមួយអន្តរក្រសួង -ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។
ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ មានគោលបំណងបង្កើតជាយុទ្ធសាស្ត្រ និងទិសដៅនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យពាណិជ្ជកម្មនាពេលបច្ចុប្បន្ន និងអនាគត ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសដើម្បីកម្ពុជាត្រៀមខ្លួនចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
បន្ថែមពីនេះ ក្របខ័ណ្ឌគោលនយោបាយនេះ ក៏មានគោលដៅជំរុញ និងពន្លឿនកំណើនសេដ្ឋកិច្ច តាមរយៈការកែលម្អបរិយាកាសពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម រក្សាទីផ្សារចាស់និងពង្រីកទីផ្សារថ្មី និងជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមវិស័យគោលដៅ ផងដែរ។
ក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ គម្រោងនឹងមានសសរស្តម្ភចំនួន៦ ដូចខាងក្រោម៖
– សសរស្តម្ភទី១៖ ការធ្វើសមាហរណកម្មពាណិជ្ជកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក។
– សសរស្តម្ភទី២៖ ការពង្រឹងភាពប្រកួតប្រជែងពាណិជ្ជកម្មក្នុងទីផ្សារសកល។
– សសរស្តម្ភទី៣៖ ការលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន និងចីរភាព។
– សសរស្តម្ភទី៤៖ ការជំរុញ និងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល។
– សរសរស្តម្ភទី៥៖ ការអភិវឌ្ឍពាណិជ្ជកម្ម តាមវិស័យគោលដៅ។
– សសរស្តម្ភទី៦៖ ការត្រៀមខ្លួន សម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច៕
–