ដោយ: គង់ លាងហួរ
អន្តរជាតិ: ការិយាល័យគ្រួសារ កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងចំណោមក្រុមអ្នកវិនិយោគ នៅតំបន់អាស៊ីអាគ្នេយ៍ ស្របពេលកំណើនសេដ្ឋកិច្ច និងចំនួនលំដាប់មហាសេដ្ឋីក្នុងតំបន់មានការកើនឡើង។
យោងតាមទិន្នន័យ ពីក្រុមហ៊ុនផ្តល់ទិន្នន័យហិរញ្ញវត្ថុ Preqin ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានបង្ហាញថា ការិយាល័យគ្រួសារ ត្រូវបង្កើតឡើងដោយក្រុមអ្នកមាន គ្របដណ្តប់ចំណែក១ ភាគ៣នៃអ្នកវិនិយោគសរុប ទូទាំងតំបន់ក្នុងខែមិថុនា ឆ្នាំ២០២៤ បើប្រៀបធៀបនឹងចំណែក១ ភាគ៥ក្នុងឆ្នាំ២០២០។
ទិន្នន័យខាងលើបង្ហាញទៀតថា ចំនួនជិត៥០ភាគរយនៃការិយាល័យគ្រួសារទាំងអស់ នៅទូទាំងតំបន់មានទីស្នាក់ការនៅប្រទេសសិង្ហបុរី និងតំបន់រដ្ឋបាលពិសេសហុងកុង។
ទីក្រុងទាំងពីរ មានរចនាសម្ព័ន្ធមូលនិធិខុសពីគ្នា ដើម្បីទាក់ទាញលំហូរទ្រព្យសម្បត្តិ របស់មហាសេដ្ឋីកាន់តែច្រើន តាមរយៈការប្រកួតប្រជែង ជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុផ្សេងៗដូចជា កោះ British Virgin កោះ Mauritius និងកោះ Cayman ។
សិង្ហបុរីបានបង្កើនស្ថាប័នសាជីវកម្មថ្មីមួយ មានឈ្មោះថា Variable Capital Company (VCC) ក្នុងគោលបំណងទាក់ទាញទ្រព្យសកម្មរបស់អ្នកគ្រប់គ្រងមូលនិធិ និងការិយាល័យគ្រួសារ ដែលបានចុះបញ្ជី ក្នុងបណ្តាប្រទេសយកពន្ធទាប ដូចជាកោះ Cayman Islands និងប្រទេសលុចសំបួរជាដើម។
ស្ថាប័ននេះទទួលបានការចាប់អារម្មណ៍ ពីការិយាល័យគ្រួសារ ដោយសារការផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗ ដូចជាប្រសិទ្ធភាពនៃការចំណាយ និងការលើកទឹកចិត្តផ្នែកពន្ធ។
ចំណែក តំបន់រដ្ឋបាលពិសេសហុងកុង បានបង្កើតរចនាសម្ព័ន្ធក្រុមហ៊ុនមូលនិធិបើកចំហ (Open-ended fund company)។ ស្ថាប័ននេះអនុញ្ញាតឱ្យមូលនិធិវិនិយោគ ត្រូវបានបង្កើតឡើងក្នុងទម្រង់សាជីវកម្ម។
រចនាសម្ព័ន្ធស្ថាប័នទាំង២ខាងលើ ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួល ដល់ការគ្រប់គ្រងការវិនិយោគ និងផ្តល់នូវភាពបត់បែន សម្រាប់ការិយាល័យគ្រួសារ។ ប៉ុន្តែទីក្រុងសិង្ហបុរី និងហុងកុង មានលក្ខណៈពិសេស និងតម្រូវការបទប្បញ្ញត្តិខុសៗគ្នា។
គិតត្រឹមដំណាច់ចុងឆ្នាំ២០២៣កន្លងទៅ សិង្ហបុរីមានការិយាល័យគ្រួសារទោល (Single family offices) ចំនួន១.៤០០ការិយាល័យ ខណៈទីក្រុងហុងកុង ត្រូវបានគេប៉ាន់ប្រមាណថា មានការិយាល័យ គ្រួសារចំនួន២.៧០០ការិយាល័យ។ នេះបើយោងតាមរបាយការណ៍ របស់ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ Deloitte ។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Preqin បានបង្ហាញទៀតថា បណ្តាវិនិយោគិននៅតំបន់អាស៊ីអាគ្នេយ៍ កំពុងបោះទុនក្នុងទីផ្សារឯកជន កាន់តែខ្លាំងឡើង ដូចជា ការវិនិយោគលើឧបករណ៍បំណុល និងភាគហ៊ុន ដោយសារការផ្តល់ផលចំណេញលើសពីការរំពឹងទុក។
ជាមួយគ្នានេះ យោងតាមការស្រាវជ្រាវថ្មី ពីក្រុមហ៊ុនប្រឹក្សាសកល Bain & Co បានព្យាករណ៍ថា ការគ្រប់គ្រងទ្រព្យសកម្មឯកជន នឹងសម្រេចបានទំហំទឹកប្រាក់ ចន្លោះពី៦០ទ្រីលានដុល្លារដល់៦៥ទ្រីលានដុល្លារ នៅឆ្នាំ២០៣២ កើនឡើងជាង២ដង បើធៀបនឹងអត្រាកំណើន នៃទ្រព្យសកម្មសាធារណៈ៕ប្រភព៖ The Strait Times៕