ក្រសួងបរិស្ថានគ្រោងដាំដើមឬស្សី ដើម្បីលើកកំពស់ជីវភាពប្រជាសហគមន៍

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដឹក​នាំ​ដោយលោកបណ្ឌិតកៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួ​លបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ក្នុងជំនួបកាលពីថ្ងៃទី២៧ សីហា លោកកៅ ថាច បានលើកឡើងថា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ធ្វើប្រតិបត្តិការចម្បង ផ្ដោតលើការផ្ដល់ឥណទានដល់អតិថិជន ដើម្បីជួយសម្រួលការពង្រឹង និងពង្រីកការងាររកចំណូល ឱ្យកាន់តែមានប្រសិទ្ធភាព។

លោកបន្តថា បច្ចុប្បន្ន ធនាគារ ARDB កំពុងស្វែងរកឱកាសហប្រតិបត្តិការជាមួយក្រសួងនានា ស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធបន្ថែម ដើម្បីពង្រីកការផ្ដល់ឥណទានជូនអតិថិជន។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍លើកឡើងពី គម្រោងការលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញនាពេលកន្លងទៅ ផ្តោតលើសរសស្តម្ភចំនួន៣ គឺស្អាត បៃតង និងចីរភាព។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានស្នើឱ្យ មានរៀបចំអនុស្សារណៈយោគយល់ រវាងក្រសួងបរិស្ថាន និងធនាគារ ARDB ផ្តោតទៅលើកិច្ចសហប្រតិបត្តិការ មូលនិធិអាកាសធាតុបៃតង Green Climate Fund ជាពិសេសលើគម្រោងការលើកកម្ពស់ជីវភាពសហគមន៍ដាំឫស្សី។

លោកបញ្ជាក់ថា “គម្រោងនេះ អាចជួយឱ្យសហគមន៍ដាំដុះឬស្សី ដើម្បីបង្កើនគម្របព្រៃ និងជួយបង្កើនជីវភាពសហគមន៍ ព្រោះឫស្សីដាំដុះលឿន និងងាយស្រួលក្នុងការយកមកធ្វើការកែច្នៃ”៕