ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងឆមាសទី១ ឆ្នាំ២០២៤ ទំហំទឹកប្រាក់ពីការលក់ផ្ទះអាជីវកម្ម នៅប្រទេសសិង្ហបុរី បានដាំក្បាលចុះ១៧,៣ភាគរយ មកត្រឹម៣៥៤លានដុល្លារសិង្ហបុរី បើធៀបនឹង៤២៨,២លានដុល្លារសិង្ហបុរី ក្នុងឆមាសទី២ឆ្នាំ២០២៣។
ផ្ទះអាជីវកម្មចំនួន៤០យូនីត ត្រូវបានលក់ចេញក្នុងឆមាសទី១ឆ្នាំនេះ បើប្រៀបធៀបទៅនឹងការលក់ចេញ ចំនួន៥៣យូនីតក្នុងឆមាសទី២ ឆ្នាំមុន។ តួលេខនេះ មានការធ្លាក់ចុះ២៤,៥ភាគរយ។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank លើកឡើងថា ការដាំក្បាលចុះនៃទីផ្សារផ្ទះអាជីវកម្ម ឆ្លុះបញ្ចាំងពីការប្រយ័ត្នប្រយែង របស់អ្នកស្របពេលអត្រាការប្រាក់ នៅតែមានកម្រិតខ្ពស់ក្នុងរយៈពេលវែង និងភាពតានតឹងភូមិសាស្ត្រនយោបាយ។
ការធ្លាក់ចុះនេះក៏បណ្តាលមកពី ការចរចាតម្លៃមិនត្រូវគ្នារវាងអ្នកទិញ និងអ្នកលក់ ខណៈក្រុមជនល្មើសនៅក្នុងករណីលាងលុយកខ្វក់ ហ៊ានដេញថ្លៃលើសពីធម្មតា ដើម្បីទិញផ្ទះអាជីវកម្មពីអ្នកលក់ ហើយការចរចាតម្លៃមិនត្រូវគ្នា បាននាំឱ្យប្រតិបត្តិការទិញជាប់គាំង។
ប្រតិបត្តិការទិញ-លក់ដែលមានតម្លៃខ្ពស់កប់ពពក នៅក្នុងឆមាសទី១ រួមមានការលក់ផ្ទះអាជីវកម្ម The Rail Mallរបស់ក្រុមហ៊ុនលក់ Paragon REIT ក្នុងតម្លៃ៧៨,៥លានដុល្លារសិង្ហបុរី ក្នុងខែមិថុនា។ ផ្ទះនេះស្ថិតនៅលើផ្ទៃដី១០៥.៥៦៣ហ្វីតការ៉េ និងត្រូវបានលក់ ទៅឱ្យអង្គភាពរបស់ក្រុមហ៊ុនសំណង់ Woh Hup Holdings ។
កិច្ចព្រមព្រៀងទិញ-លក់ដ៏ធំបំផុតទី២ រួមមានការលក់ផ្ទះអាជីវកម្មកំពស់៣ជាន់មួយយូនីត ស្ថិតនៅតាមបណ្តោយផ្លូវ Telok Ayer ក្នុងតម្លៃ១៦,៥លានដុល្លារសិង្ហបុរី។ ការលក់ផ្ទះនេះត្រូវបានគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធនឹងការការលាងលុយកខ្វក់។
ផ្ទុយទៅវិញ នៅត្រីមាសទី២ ឆ្នាំ២០២៤ តម្លៃជួលផ្ទះអាជីវកម្មនៅក្នុងទីក្រុងសិង្ហបុរី បានហក់ឡើងយ៉ាងគំហុក ស្របពេលមានកំណើនអ្នកជួល និងមានទីតាំងអំណោយផលល្អ។
តម្លៃជួលផ្ទះអាជីវកម្មជាមធ្យម នៅទូទាំងទីក្រុងសិង្ហបុរីទាំងមូលបានកើនឡើង៦,៤ភាគរយ នៅត្រីមាសទី២ធៀបនឹងត្រីមាសទី១ដល់៦,៨៤ដុល្លារសិង្ហបុរី ក្នុងមួយហ្វីតការ៉េក្នុងមួយខែ។
ប៉ុន្តែបើគិតតាមសង្កាត់នីមួយៗ ដាច់ដោយឡែក តម្លៃជួលផ្ទះអាជីវកម្មជាមធ្យម នៅសង្កាត់លេខ១ បានកើនឡើង១២,២% ដល់៨,៣៥ដុល្លារសិង្ហបុរី ក្នុងមួយហ្វីតការ៉េក្នុងមួយខែ ខណៈតម្លៃជួលជាមធ្យម នៅសង្កាត់លេខ២ បានកើនឡើង៦,២%ដល់៨,០៨ដុល្លារសិង្ហបុរី។
តម្លៃជួលជាមធ្យមផ្ទះអាជីវកម្ម នៅសង្កាត់លេខ៨បានកើនឡើង១២,៨% ដល់៦,៦០ដុល្លារសិង្ហបុរី ក្នុងមួយហ្វីតការ៉េក្នុងមួយខែ ខណៈតម្លៃជួលជាមធ្យម នៅសង្កាត់លេខ១៤ និងលេខ១៥ បានកើនឡើង១២,៤% និង១០,៨%រៀងៗគ្នាដល់៥,៤៥ដុល្លារសិង្ហបុរី និង៦,២៦ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េ៕ប្រភព: Edgeprop៕