ដោយ: គង់ លាងហួរ
អន្តរជាតិ: របាយការណ៍ស្តីពីបច្ចុប្បន្នភាព សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកព្រមានថា ការកើនឡើងភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ នឹងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ខ្សែសង្វាក់តម្លៃក្នុងតំបន់ និងជះផលប៉ះពាល់ដល់ការនាំចេញ ការងារ និងប្រាក់ចំណូលកម្មករ។
យោងតាមបច្ចុប្បន្នភាពសេដ្ឋកិច្ច ចេញផ្សាយដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី- ប៉ាស៊ីហ្វិក បានចង្អុលបង្ហាញថា ការដាក់ពន្ធនាពេលថ្មីៗនេះ ដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកលើរថយន្តអគ្គិសនីរបស់ចិន នឹងកាត់ផ្តាច់ទំនាក់ទំនងបច្ចេកវិទ្យាចិន-អាមេរិកកាន់តែស៊ីជម្រៅ។
ជាមួយគ្នានេះ បណ្តាប្រទេសមួយចំនួន នៅតំបន់អាស៊ានក៏បានប្រកាស ដាក់ពន្ធលើការនាំចូលផលិតផលចិន ដែលមានតម្លៃទាបទាំងអស់។ ការណ៍នឹងនាំឱ្យមានភាពតានតឹង និងការបែកបាក់បន្ថែមទៀត នៅក្នុងពាណិជ្ជកម្មពិភពលោក។
របាយការណ៍របស់អង្គការ សហប្រជាជាតិអះអាងថា ហានិភ័យ ចំពោះអតិផរណានៅតែមាន ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ អាចជំរុញឱ្យតម្លៃអាហារ ថាមពល និងតម្លៃដឹកជញ្ជូនអន្តរជាតិ កើនឡើងជាថ្មីម្តងទៀត។
របាយការណ៍បច្ចុប្បន្នភាព សេដ្ឋកិច្ចខាងលើបានបន្តថា ទស្សនវិស័យរយៈពេលខ្លី ចង្អុលទៅកាន់សុទិដ្ឋិនិយម ប៉ុន្តែក៏មិនប្រាកដថា ជោគជ័យពេញលេញ១០០ភាគរយ(Cautious Optimism)។
ដំណើរការសេដ្ឋកិច្ចរបស់តំបន់អាស៊ី -ប៉ាស៊ីហ្វិកនៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ត្រូវបានស្ថាប័នUN រំពឹងទុកថា នឹងមានស្ថិរភាព ផ្អែកលើលក្ខខណ្ឌនៃការអភិវឌ្ឍន៍ អំណោយផលនៅក្នុងបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនធំៗ។
ចំណែក អត្រាអតិផរណានៅក្នុងតំបន់ ក៏កំពុងស្ថិតនៅលើផ្លូវ ឆ្ពោះទៅរកការធ្លាក់ចុះបន្ថែមទៀត។ ការណ៍នេះនឹងអនុញ្ញាតឱ្យធនាគារកណ្តាលនានា ក្នុងតំបន់អាចបន្ទន់ជំហរគោលនយោបាយរូបិយវត្ថុ ដើម្បីស្តារវិស័យហិរញ្ញវត្ថុសាធារណៈឡើងវិញ៕ប្រភព:Dawn. Com៕