សហគ្រិនវ័យក្មេងពង្រីកសាខាបាន ៩រាជធានី ខេត្តនិងស្វែងយល់ពីការបើក Pub Street នៅក្រុងព្រះសីហនុ

        ដោយៈ គង់ ម៉ាលីនណា

        ព្រះសីហនុៈ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយឧកញ៉ាប៉ិច បូឡែនបានចុះសិក្សាស្វែងយល់ ពីសក្តានុពលទេសចរណ៍ និងបញ្ហាPub street នៅក្រុងព្រះសីហនុ។

លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ ទទួលជំនួបកាលពីថ្ងៃទី២២ សីហា បានទទួលជូបសម្តែងការគួរសមជាមួ​យសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគម សហគ្រិនវ័យក្មេងកម្ពុជា។

លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានជំរាបជូនពីកត្តាភូមិសាស្ត និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាល បានជំរុញខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាមជ្ឈមណ្ឌលកំណើនជាតិ ជាទីផ្សារហិរញ្ញវត្ថុ ដោយផ្តោតសំខាន់ទៅលើសេវាមួយចំនួន មានដូចជា អបរំ សុខាភិបាល ដើម្បីភ្ជាប់ខេត្តព្រះសីហនុភ្ជាប់ជាមួ​យនឹងអន្តរជាតិ ហើយយើងមានការងារ ជាច្រើនផ្សេងទៀតដែលត្រូវធ្វើជាមួយគ្នា ក្នុងការចូលរួមជំរុញការអភិវឌ្ឍខេត្ត និងប្រទេសជាតិរបស់យើង មានការវិវឌ្ឍរីកចម្រើនបន្ថែមទៀត។

លោកអភិបាលរងខេត្ត បានធ្វើការកោតសរសើរវាយតម្លៃដល់សហគ្រិនវ័យក្មេង ក្នុងការចូលរួមកសាង អភិវឌ្ឍខេត្តព្រះសីហនុ ទាមទារឱ្យមានចំណុចគោលដៅធំៗចំនួន៣ ក្នុងនោះ ១ ការបណ្តុះបណ្តាល ពាក់ព័ន្ធវិស័យទេសចរណ៍ ជាវិស័យស្នូលរបស់ខេត្តព្រះសីហនុ ក្នុងការរៀបចំផែនការមេ២០៣៨ ២.ការផ្សព្វផ្សាយពីសក្តានុពល របស់ខេត្តព្រះសីហនុ ទាក់ទងទៅនឹងវិស័យទេសចរណ៍ និងវិនិយោគ។

៣. ទាក់ទាញអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ ម្យ៉ាងទាក់ទងនិងគោលនយោ​បាយ របស់ខេត្តព្រះសីហនុ ដើម្បីដោះស្រាយរៀបចំផែនការមេ ទាមទារឱ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះក៏មានសហគ្រិនវ័យក្មេងផងដែរ ឯកជនចូលរួមផងដែរ ទើបឈានទៅសម្រេចបាន តាមផែនការ សកម្មភាពការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ។

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា មានប្រសាសនថ្លែងអំណរគុណរដ្ឋបាលខេត្ត បានអនុញ្ញាត្តឱ្យសហគ្រិនវ័យក្មេង ចូលជួបសម្តែងការគួសម និងឈ្វេ​ងយល់អំពីបច្ចុប្បន្នភាព នៅខេត្តព្រះសីហនុ សហគ្រិនវ័យក្មេងបានបង្កើតបាន៩រាជធានី ខេត្ត ហើយសង្ឃឹមថា នៅឆ្នាំ២០២៦ យើងនឹងបើកឱ្យបានទាំង២៥រាជធានី ខេត្ត។

ដោយឡែកនៅខេត្តព្រះសីហនុ សហគ្រិនវ័យក្មេងបានបើកពីរឆ្នាំនៅខេត្តព្រះសីហនុ ដែលមានបុគ្គលិកឆ្នើម៣៨នាក់ បានចូលរួមសកម្មភាព ជាមួយរដ្ឋបាលខេត្ត។ ទន្ទឹមនោះសហគ្រិនវ័យក្មេង បានធ្វើការបណ្តុះបណ្តាលបានជាច្រើនវគ្គ ក្នុងនោះវគ្គហិរញ្ញវត្ថុ អាជីវកម្ម។

លោកបន្តថា យើងក៏ចង់ដឹងពីការងារ នៅក្នុងវិស័យវិនិយោគ ហើយគោលបំណងសំខាន់នាពេលនេះ គឺចង់ដឹងពីបច្ចុ​ប្បន្នភាពរបស់ខេត្ត ដើម្បីធ្វើការចងក្រងកែសម្រួល ដើម្បីជំរុញការចូលរួមអភិវឌ្ឍន៍ វិស័យទេសចរណ៍ សហគ្រិនវ័យក្មេងចង់ឈ្វេងយល់ ពីការបើកPup Street និងវិថីម្ហូបអាហារ ដើម្បីជាការទាក់ទាញ លើវិស័យទេសចរណ៍ និងវិនិយោគ៕