រដ្ឋមន្រ្តីក្រសួងចំនួន៣ ចុះសិក្សាស្វែងយល់ពីឧស្សាហកម្មបំរើការនាំចេញអង្កររបស់កម្ពុជា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋមន្រ្តីមកពីក្រសួងចំនួន៣ ដែលពាក់ព័ន្ឋពា​ណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម បានចុះសិក្សាស្វែងយល់ពី រោងម៉ាស៊ីនកិនស្រូវធំៗចំនួន២នៅកម្ពុជា។

រដ្ឋមន្រ្តីទាំងនោះរួមមាន លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី២២ សីហាកន្លងមកនេះ ក៏មានការអញ្ជើញចូលរួមពី លោកអគ្គនាយកធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ គណ:ប្រតិភូជាថ្នាក់ដឹកនាំ និងមន្រ្តីជំនា​ញនៃក្រសួងទាំងបី ព្រមទាំងថ្នាក់ដឹកនាំនិងសមាជិកសមាជិកាសហព័ន្ធស្រូវអង្ករ ជាច្រើនរូបផងដែរ។

ដំណើរទស្សនកិច្ចនេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យមើល ទិដ្ឋភាពជាក់ស្តែងអំពីសមត្ថភាព គុណភាព បច្ចេកវិទ្យា និងទំនើបកម្ម របស់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ព្រមទាំងរួមគ្នាផ្សព្វផ្សាយ អំពីសក្តានុពលរបស់វិស័យស្រូវអង្ករកម្ពុជាដោយឈរលើមូលដ្ឋាន (ដាំដុះមានគុណភាពល្អ កិនកែច្នៃប្រកបដោយសុវត្ថិភាព និងទីផ្សារដែលមាននិរន្តរភាព និងប្រាក់ចំណេញ ដោយមានការជួយជ្រោមជ្រែង ពីរាជរដ្ឋាភិបាលតាមរយៈគោលនយោបាយនានា)៕