ក្រុមការងារសម្របសម្រួលទាំង ១៦ រវាងរដ្ឋ និងឯកជនជួបពិភាក្សាលើបញ្ហាប្រឈមនិងដំណោះស្រាយ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារ ទទួលជួបពិភា​ក្សាការងារ ជាមួយគណៈប្រតិភូក្រុមការងារចំពោះកិច្ច អនុវត្តសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន វេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោ​យអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមការងារ។

         ជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សាពង្រឹងបន្ថែម នូវកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់ការគាំទ្រទៅដល់ក្រុមការងារទាំង១៦ ក៏ដូចជា ការបន្តចូលរួមចំណែកធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវយន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន។

លោកអគ្គលេខាធិការង បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត ចំពោះវត្តមានរបស់គណៈប្រតិភូសភាពាណិ​ជ្ជកម្មកម្ពុជា ព្រមទាំងបានជម្រាបជូនគណៈប្រតិភូ អំពីសមិទ្ធផលជាផ្លែផ្កាកន្លងមក ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលបានប្រសូត្រចេញ ពីកិច្ចខិតខំប្រឹងប្រែងពីសំណា​ក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងដែលបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការបន្តធ្វើឱ្យប្រសើរឡើងនូវបរិស្ថានធុរកិច្ចនិងវិនិយោគ។

ជាមួយគ្នានេះ លោកក៏បានជម្រាបជូន គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាផងដែរ អំពីកិច្ចការងារបច្ចេកទេសសំខាន់ៗមួយចំនួន ដែលជាការងារស្នូល តម្រូវឱ្យមានការគិតគូរពិភាក្សាដើម្បីពង្រឹងបន្ថែម, បញ្ហាប្រឈមចម្បងៗ ដែលគួរមានការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងការងារជាអាទិភាពសំខាន់ៗមួយចំនួនទៀត សម្រាប់ការបន្តធ្វើ ឱ្យកាន់តែប្រសើរឡើងថែមទៀតនូវយន្តការការងាររវាងរដ្ឋ និងឯកជន សំដៅជំរុញ និងគាំទ្រលើកកម្ពស់នូវប្រសិទ្ធភាព នៃដំណើប្រតិបត្តិការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន នាពេលបន្តបន្ទាប់ទៀត ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយ ប្រកបដោយភាពច្បាស់លាស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕