គំរោងខុនដូថ្មីមួយបានបើកការដ្ឋានសាងសង់គំរោង Picasso2 នៅរាជធានីភ្នំពេញ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារខុនដូ KY iCenter និងពិធីបើកការដ្ឋានសាងសង់អគារ Picasso II នៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Titan Stone Real Estate Group និងក្រុមហ៊ុន Picasso City Garden Development ដែលបានរួមគ្នាបណ្ដាក់ទុនវិនិយោគ នៅប្រទេសកម្ពុជា និងបានពង្រីកគម្រោងវិនិយោគរបស់ខ្លួន ជាបន្តបន្ទាប់ទោះស្ថិតនៅក្នុងកាលៈទេសៈ វិបត្តិកូវីដ-១៩កន្លងមកក្ដី។

បន្ថែមពីនេះ លោកស៊ុន ចាន់ថុលបានសម្តែងសុទិដ្ឋិ​និ​យមថា ក្រុមហ៊ុន និងសមាគមអ្នកវិនិយោគចិននៅកម្ពុជា នឹងបន្តជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ និងទាក់ទាញវិនិយោ​គិនបរទេស ពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគប្រកបដោយសក្តានុពល សម្រាប់ការវិនិយោគផ្ទាល់ ឬចាប់ដៃគូធុរកិច្ច ជាមួយវិនិយោគិនក្នុងស្រុក ដើម្បីវិនិយោគលើវិស័យអាទិភាពខ្ពស់ដូចជា កសិកម្មនិងកសិឧស្សាហកម្ម, កម្មន្តសាលយានយន្ត និងអេឡិចត្រូនិក ការអភិវឌ្ឍសួនឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចពិសេស, ទេសចរណ៍និងបដិសណ្ឋារកិច្ច, និងបច្ចេកវិទ្យាឌីជីថលនិងបៃតងជាដើម៕