ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Eli M. Remolona, Jr. ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន Bangko Sentral ng Pilipinas បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំទ្វេភាគីកម្រិតខ្ពស់ និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងធនាគារកណ្តាលទាំងពីរ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
តាមរយៈអនុស្សរណៈយោគយល់នេះ ក្របខ័ណ្ឌជាក់លាក់មួយត្រូវបានបង្កើតឡើង សម្រាប់ដំណើរការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងធនាគារកណ្តាលទាំងពីរ ជាពិសេសក្នុងផ្នែកប្រតិបត្តិការធនាគារកណ្តាល ការតភ្ជាប់និងនវានុវត្តន៍ប្រព័ន្ធទូទាត់ នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល ការត្រួតពិនិត្យប្រព័ន្ធធនាគារ ការអភិវឌ្ឍធនធានមនុស្ស និងផ្នែកផ្សេងៗទៀត សម្រាប់ផលប្រយោជន៍ទៅវិញទៅមក៕