ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ពានផ្លូវរថភ្លើងខ្ពស់ជាងគេបំផុតរបស់ពិភពលោកស្ថិតនៅក្នុងតំបន់ជ្រលងភ្នំដែលធ្លាប់មានជម្លោះព្រំដែនរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថានគ្រោងបើកដំណើរការជាលើកដំបូងក្នុងពេលខាងមុខ។
ស្ពាននេះឆ្លងកាត់ទន្លេ Chenab ក្នុងសង្កាត់ Reasi នៃទីក្រុង Jammu ក្នុងតំបន់ Kashmir ដោយឥណ្ឌាបានចំណាយពេលជិត២០ឆ្នាំដើម្បីបញ្ចប់ការសាងសង់។ការសាងសង់ស្ពាន Chenab ត្រូវបានអនុម័តក្នុងឆ្នាំ២០០៣ និងបានបញ្ចប់រួចរាល់នៅឆ្នាំ២០២២។
គម្រោងនេះបានប្រឈមមុខនឹងការពន្យារពេល និងខកខានកាលបរិច្ឆេទបញ្ចប់ការសាងសង់ ដោយសារតែភូមិសាស្ត្រក្នុងតំបន់ កង្វល់សុវត្ថិភាព និងករណីតុលាការ ហើយក្រុមវិស្វករធ្វើការលើគម្រោងនេះ ត្រូវធ្វើដំណើរទៅដល់ទីតាំងដាច់ស្រយាលដោយថ្មើរជើងក្នុងកំឡុងពេលសាងសង់ដំណាក់កាលដំបូង។
គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏អច្ឆរិយៈនេះមានកម្ពស់ខ្ពស់ជាងប៉ម Eiffel Tower ចំនួន៣៥ម៉ែត្រ ហើយឥណ្ឌាគ្រោងដាក់ឱ្យដំណើរការរថភ្លើងដំបូងរត់នៅលើស្ពានក្នុងពេលឆាប់ៗរវាងតំបន់ Bakkal និងតំបន់ Kauri ដោយពុំបានបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទច្បាស់លាស់។
ស្ពាននេះជាកំណាត់មួយនៃបណ្តាញខ្សែផ្លូវរថភ្លើងចម្ងាយសរុបប្រមាណ២៧២គីឡូម៉ែត្រ ឆ្លងកាត់ពីទីក្រុង Jammu ទៅកាន់ជ្រលងភ្នំ Kashmir។ បច្ចុប្បន្ននេះ ផ្លូវតភ្ជាប់ទៅកាន់ជ្រលងភ្នំ Kashmir ត្រូវបានកាត់ផ្តាច់ក្នុងអំឡុងរដូវរងា នៅពេលមានព្រិលធ្លាក់ខ្លាំងនាំឱ្យការកកស្ទះនៅលើផ្លូវហាយវេពីទីក្រុង Jammu ។
ទាក់ទងនឹងសមិទ្ធិផលថ្មីនេះ ក្រុមអ្នកជំនាញបានលើកឡើងថា ខ្សែផ្លូវរថភ្លើងថ្មីនឹងផ្តល់ឱ្យឥណ្ឌានូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រនៅតាមតំបន់ព្រំដែនដែលមានជម្លោះជាមួយប្រទេសជិតខាង។
តំបន់ជ្រលងភ្នំ Kashmir ជាចំណុចក្តៅមួយរវាងឥណ្ឌា និងប៉ាគីស្ថានអស់ជាច្រើនទសវត្សរ៍មកហើយ។ ប្រទេសទាំង២ធ្លាប់បានប្រយុទ្ធ២លើកដើម្បីទាមទារតំបន់ Kashmir ទាំងមូល។ ប៉ុន្តែ ឥណ្ឌា និងប៉ាគីស្ថានគ្រប់គ្រងបានត្រឹមតែផ្នែកខ្លះប៉ុណ្ណោះ។
លោក Giridhar Rajagopalan នាយករងរបស់ក្រុមហ៊ុន Afcons Infrastructure លើកឡើងថា “ស្ពានផ្លូវដែកនេះនឹងអនុញ្ញាតឱ្យឥណ្ឌាមានសមត្ថភាពដឹកជញ្ជូនឧបករណ៍សម្ភារៈយោធាពេញមួយឆ្នាំទៅកាន់តំបន់ព្រំដែន”។
ខ្សែរថភ្លើងនេះជាផ្នែកមួយនៃផែនការពង្រីកហេដ្ឋារចនាសម្ព័ន្ធ រួមជាមួយនឹងផ្លូវហាយវេ ផ្លូវដែក និងគម្រោងថាមពលជាង៥០ផ្សេងទៀត ផ្តួចផ្តើមដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi និងបានJammu និង Kashmir ហើយបានប្រកាសតំបន់Kashmir ទៅជាដែនដីគ្រប់គ្រងសហព័ន្ធនៅក្នុងឆ្នាំ២០១៩៕ប្រភព:BBC៕