មន្រ្តីជាន់ខ្ពស់កម្ពុជា និងអ្នកជំនាញជប៉ុនផ្តោតពិភាក្សាលើការរៀបចំដែនដី និងនគរូបនីយកម្ម

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី និងអ្នកជំនាញជប៉ុន បានបើកសិក្ខាសាលារួមគ្នា ដើម្បីពិភាក្សា និងធ្វើ​បទ​បង្ហាញ​លើច្បាប់ស្តីពី ការរៀបចំដែនដី និងនគរូបនីយកម្ម។

រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់លោក តឹករ៉េត សំរេច​បានក្នុងសសិក្ខាសាលាកាលពីសប្តាហ៍មុនថា វគ្គបណ្ដុះបណ្ដាលនេះ ឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​។

កម្មវិធី​បណ្ដុះបណ្ដាលនេះ អ្នកចូលរួម​នឹងទទួលបានចំណេះដឹង ពាក់ព័ន្ធ​គោលការណ៍ទូទៅ នៃការរៀបចំដែនដី និងនគរូបនីយកម្ម តាម​រយៈការ​បង្ហាញពី​មន្រ្តីជំនាញ ​ក្រសួង​និង​​អ្នក​ជំនាញ​ការ​ជប៉ុន ដើម្បី​ធ្វើ​ជា​មូលដ្ឋាន ​សម្រាប់​​ផែនការ​រៀបចំ​ដែនដីនៅក្នុងប្រទេស​កម្ពុជា។

គោលនយោបាយជាតិរៀបចំដែនដី របស់រាជរដ្ឋាភបាលសំដៅធានាថា ដែនដីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានគ្រប់គ្រង ប្រើប្រាស់ ការពារ និងអភិវឌ្ឍន៍ តាមរយៈការធ្វើសមាហរណកម្ម នូវផែនការយុទ្ធសាស្ត្ររៀបចំដែនដី និងការធ្វើឲ្យរលូននូវវិធាន និងឧបករណ៍ចាំបាច់នានា តាមវិស័យប្រ​ក​បដោយភាពសុខដុមរមនា នៅតាមតំបន់ភូមិសាស្ត្រនីមួយៗ។

លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់បាន​បញ្ជាក់ថា សេចក្តី​ព្រាង​ច្បាប់​រៀបចំ​ដែន​ដី គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ពេល​ខាង​មុខ។

ការបែងចែកតំបន់ភូមិសាស្ត្រ សម្រាប់រៀបចំដែនដី ត្រូវធ្វើឡើងដោយផ្អែកលើកត្តាធម្មជាតិ ភូមិសាស្ត្រ សេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន និង​ត្រូវ​មានតុល្យភាព ឆ្លើយតបតាមតម្រូវការ​នៃការអភិវឌ្ឍ ​ទាំង​សម្រាប់​ពេល​​បច្ចុប្បន្ន ​និង​អនាគត។

​លោក ប៉ែន សុផល​បានបញ្ជាក់ថា ការ​រៀបចំដែនដី​នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា ​ទាំង​នៅតាមតំបន់ និងនៅថ្នាក់ខេត្ត ត្រូវ​​សិក្សា វិភាគ និងកំណត់អំពីសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីការអភិវឌ្ឍ​ប្រកប​ ដោយ​ប្រសិទ្ធភាព ចីរភាព តុល្យភាព និងការធ្វើ​សមាហរណកម្ម តាមតំបន់ភូមិសាស្ត្រ​នីមួយៗ​ទាំងក្នុង​ប្រទេស ក្នុងតំបន់ និងក្នុងក្របខណ្ឌអន្តរជាតិ។

លោកបាន​បញ្ជាក់បន្ថែមថា គោលនយោបាយជាតិរៀបចំដែនដី គប្បីបញ្ចៀសឱ្យបាននូវការ ខ្វែងគំនិតយោបល់គ្នា ដោ​យត្រូវគោរព ទៅតាមឋានានុក្រមនៃផែនការ (ថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ) ហើយត្រូវមានបញ្ញត្តិកំណត់ជាក់លាក់៕