តម្រូវការមាសរបស់អតិថិជននៅទូទាំងអាស៊ានបានកើនដល់ចំនួន ៩តោននៅក្នុងត្រីមាសទី២

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្រូវការមាសសម្រាប់ប្រើប្រាស់ នៅទូទាំងតំបន់អាស៊ាន នៅត្រីមាសទី២ ឆ្នាំ២០២៤ បានកើនឡើង២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានបរិមានដល់៩តោន ដោយប្រទេសថៃនាំមុខគេ។

យោងតាមរបាយការណ៍ថ្មី ចុងក្រោយបង្អស់របស់ក្រុមប្រឹក្សាមាសពិភពលោក បានបង្ហាញឱ្យដឹងថា តម្រូវការមាសនៅក្នុងប្រទេសថៃ កំពុងកើនឡើង ស្របពេលតម្លៃមាសកំពុងហក់ឡើងខ្ពស់ក្នុងនិន្នាការសកល។

របាយការណ៍បានកត់សម្គាល់ថា ទីផ្សារមាសរបស់ប្រទេ​សថៃ បានបង្ហាញពីភាពធន់ ជាពិសេសនៅក្នុងត្រីមាសទី២ ខណៈការវិនិយោគលើរបារមាស និងកាក់មាសបានកើនឡើង២២%ដល់៧តោន ស្របពេលអ្នកវិនិយោគ សម្រុកងាកទៅទិញមាស ដោយសារការដាំក្បាលចុះនៃតម្លៃប្រាក់បាត។

តម្រូវការមាសសកល បានកើនឡើង៤ភាគរយ ដល់១.២៥៨តោន ស្របពេលមានកំណើនប្រតិបត្តិការទិញ- លក់មាស មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរង្វង់៥៣ភាគរយ ដល់៣២៩តោន ក្នុងត្រីមាសទី២ដូចគ្នា។

នៅត្រីមាសទី២ តម្លៃមាសបានហក់ឡើងខ្ពស់ បំបែកជាកំ​ណត់ត្រា ដោយតម្លៃមាសជាមធ្យម បានឈានដល់២.៣៣៨ដុល្លារក្នុងមួយអោន និងបានហក់ឡើងដល់ កម្រិតកំពូលប្រមា​ណ២.៤២៧ដុល្លារក្នុងមួយអោន។

ទោះយ៉ាងណាក្តី តម្រូវការគ្រឿងអលង្ការទូទាំងពិភពលោកបានធ្លាក់ចុះ១៩ភាគរយ ខណៈដែលតម្រូវការមាសនៅក្នុងវិស័យបច្ចេកវិទ្យា បានកើនឡើង១១ភាគរយ ដោយសារតែការរីកចំរើនរបស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងវិស័យអេឡិចត្រូនិក។

បណ្តាធនាគារកណ្តាលនានា បានបន្តបង្កើនទុនបម្រុងមាសរបស់ពួកគេ ដោយបន្ថែមមាសចំនួន១៨៣តោន ទៅក្នុងទុងបម្រុងនៅទូទាំងពិភពលោក ក្នុងត្រីមាសទី២ កើនឡើង៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ស្របពេលដែលបញ្ហាប្រឈម នៅតែបន្តកើតមានឡើង ក្រុមប្រឹក្សាមាស ពិភពលោក(WGC) ជឿជាក់ថា ការវិវត្តន៍នៃទិដ្ឋភាពទីផ្សារពិភពលោកនឹងគាំទ្រ និងអាចបង្កើនតម្រូវការមាស នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕ ប្រភព: The Nation៕