ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅទីក្រុងហាណូយ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ កំពុងស្ទុះងើបឡើងវិញយ៉ាងសន្សឹមៗ ខណៈតម្លៃផ្ទះវីឡាបានហក់ឡើងថ្លៃ។ នេះបើយោងតាមសារពត៌មាន Vnexpress។
ជាក់ស្តែង នៅត្រីមាសទី២ ឆ្នាំ២០២៤ តម្លៃផ្ទះវីឡាថ្មីនៅទីក្រុងហាណូយ បានកើនឡើង៩ភាគរយ ធៀបនឹងត្រីមាសទី១ ដល់១៧៨លានដុង (ប្រហែល៧.០០៧ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills។
ផ្ទុយទៅវិញ តម្លៃផ្ទះ Townhouse បានធ្លាក់ចុះ២ភាគរយ មកនៅត្រឹម១៨៨លានដុង (ប្រហែល៧.៤០៥ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ ខណៈប្រភេទយូនីត ដែលមានតម្លៃខ្ពស់បានលក់ដាច់អស់ ដោយនៅសេសសល់តែយូនីត ដែលមានតម្លៃសមរម្យប៉ុណ្ណោះ។
ចំណែកឯ តម្លៃផ្ទះអាជីវកម្ម(Shophouse) បានកើនឡើង៣ភាគរយដល់២៨៨លានដុង (ប្រហែល១១.៣៤៣ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ ដោយសារតែមានការថយចុះ នៃការផ្គត់ផ្គង់ផ្ទះអាជីវកម្មដែលមានតំលៃថោក និងការប្រែប្រួលតម្លៃ។
ការលក់ផ្ទះសរុបនៅរដ្ឋធានីហាណូយ ក្នុងត្រីមាសទី២ បានធ្លាក់ចុះ៤០% បើធៀបនឹងត្រីមាសទី១។ ប៉ុន្តែការលក់បានកើនឡើង៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែក គម្រោងអចលនទ្រព្យ ដែលទើបបើកដំណើរការថ្មីនៅត្រីមាសទី២ ស្រូបទាញបានតម្រូវការទិញ(Absorption)ចំនួន៤៨%នៃចំនួនយូនីតសរុប ធ្លាក់ចុះ១៥%បើធៀបនឹងត្រីមាសទី១ និងធ្លាក់ចុះ៣ភាគរយធៀបនឹងឆ្នាំមុន។
ទីផ្សារអចលនទ្រព្យនៅទីក្រុងហាណូយ កំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ ក្រោយពីរដ្ឋាភិបាលវៀតណាមបានអនុម័ត លើការធ្វើវិសោធនកម្មច្បាប់នៅដើមឆ្នាំនេះ ដែលនឹងចូលជាធរមាន ចាប់ពីខែសីហាខាងមុខ គួបផ្សំនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការផ្គត់ផ្គង់លំនៅដ្ឋាន ចេញពីគម្រោងធំៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕ប្រភព: Vnexpress៕