ដំណឹងល្អៈ កម្ពុជាដាក់ដំណើរការប្រព័ន្ធ Cambodia e-Arrival នៅដើមខែកញ្ញាខាងមុខ

        ដោយៈ គង់ សួរិយា

        ភ្នំពេញៈ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែតបានប្រកាសកាលពីថ្ងៃអាទិត្យថា  កម្ពុជានឹងនឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ឋ Cambodia E-Arrival នៅព្រលានយន្តហោះទាំងបីរបស់កម្ពុជា ចាប់ពីថ្ងៃទី១ ខែកញ្ញា ២០២៤។

ការដាក់ដំណើរការប្រព័ន្ឋនេះ ដើម្បីសម្រួលដល់ការមកដល់របស់ភ្ញៀវជាតិនិងអន្តរជាតិ។

សម្តេចបានសរសេរ លើបណ្តាញទំនាក់ទំនងសង្គមថា “ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានខិតខំរៀបចំ អភិវឌ្ឍន៍ប្រព័ន្ធអេឡិចត្រូនិចនេះឡើង ក៏ដូចជាចំពោះគ្រប់ក្រសួងស្ថាប័ន ដែលបានចូលរួមសហការ ដើម្បីរៀបចំឱ្យប្រព័ន្ធនេះបានដំណើរការ សម្រាប់ត្រៀមផ្ដល់សេវាដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកកាន់ ព្រះរាជាណាចក្រកម្ពុជា។

ការដាក់ដំណើរការប្រព័ន្ឋនេះ រំពឹងនឹងកាត់បន្ថយនូវនិតិវិធីស្មុគ្រស្មាញនានា ពិសេសការទាមទារលុយពីភ្ញៀវទេសច​រណ៍អន្តរជាតិ នៅតាមព្រលានយន្តហោះ ពីក្រុមមន្រ្តីអន្តោប្រវេសន៍ ដែលវាបានក្លាយជាគំរូអាក្រក់មួយ និងបានធ្វើឲ្យមានការនិយាយតៗគ្នាយ៉ាងអាក្រក់ពីកម្ពុជា។ នេះបើតាមលោកយិន លាងគង់ ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា។

លោកបន្តថា “យើងគួរស្វាគមន៍គេដោយក្តីគោរព និងស្នាមញញឹម មិនមែននាំឲ្យគេមានអារម្មណ៍មិនល្អ គ្រាន់តែមកដល់កម្ពុជាភ្លាមនោះទេ”។ លោកបន្តថា “ការអនុវត្តន៍ប្រព័ន្ឋE-arrival គួរតែដាក់នៅតាមព្រំដែនគោកផងដែរ ព្រោះមានការគាបសង្កត់ភ្ញៀវយ៉ាងខ្លាំង ដួចករណីនៅតាមអាកាសយានដ្ឋានទាំងបីផងដែរ”៕