ដោយ: គង់ លាងហួរ
អន្តរជាតិ: អស់រយៈពេល៤ឆ្នាំហើយ ចាប់តាំងពីជំងឺកូវីដ បានចាប់ផ្តើម បានធ្វើឱ្យអគារការិយាល័យ នៅទូទាំងពិភពលោក ដាំក្បាលចុះមកទល់ពេលនេះ។
ការដំឡើងអត្រាការប្រាក់ តម្រូវការជួលធ្លាក់ចុះ គឺជាបញ្ហាដ៏ធំ ដែលទីផ្សារប្រឈមមុខ។
នៅវេទិកាអចលនទ្រព្យពិភពលោក MIT ឆ្នាំ២០២៤ ក្រុមអ្នកជំនាញ ក្នុងឧស្សាហកម្មអចលនទ្រព្យ បានផ្តល់នូវទស្សនវិស័យរបស់វិស័យនេះ។ ពួកគេបានជំរុញឱ្យម្ចាស់អចលនទ្រព្យពាណិជ្ជកម្មរិះរកវិធី ដើម្បីផ្តល់នូវភាពបត់បែនកាន់តែច្រើន ដូចជាការបន្ថយលក្ខខណ្ឌជួល និងការរចនាឌីហ្សាញការិយាល័យ ដោយប្រើជំនួយពីបញ្ញាសិប្បនិម្មិត(AI) ។
លោក Dror Poleg អ្នកប្រវត្តិសាស្រ្តសេដ្ឋកិច្ច និងជាអ្នកនិពន្ធសៀវភៅ “Rethinking Real Estate”បានលើកឡើងថា “វិស័យភោជនីយដ្ឋាន និងសណ្ឋាគារសុទ្ធតែមានភ្ញៀវពេញ។ ខុសប្លែកតែវិស័យការិយាល័យ ដែលនៅតែបន្តជួបប្រទះបញ្ហាប្រឈម ហើយវិស័យលំនៅដ្ឋាន ក៏ហាក់កំពុងមានបញ្ហាផងដែរ”។
ជាក់ស្ដែង បច្ចុប្បន្ន ចំនួន១ភាគ៥នៃការិយាល័យសរុបនៅសហរដ្ឋអាមេរិក ត្រូវបានគេចាក់សោរទុកឱ្យទំនេរចោល គ្មានអ្នកជួល ហើយតម្លៃអចលនទ្រព្យពាណិជ្ជកម្មជាទូទៅ បានដាំក្បាលចុះ១១ភាគរយ ចាប់តាំងពីខែមីនា ឆ្នាំ២០២២។
លោក Benjamin Breslau ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យសកល JLL បានលើកឡើងថា អគារការិយាល័យ ដែលសាងសង់ឡើងកាលពីអតីតកាលមិនស័ក្តិសមនឹងអនាគត ហើយនេះជាបញ្ហាប្រឈមដ៏ធំមួយ។
លោក Breslau បានបញ្ជាក់ឱ្យដឹងបន្តថា “យើងរកឃើញថា អគារការិយាល័យភាគច្រើន បានហួសសម័យទាំងទំនើបកម្ម និរន្តរភាព បច្ចេកវិទ្យា ឬទិដ្ឋភាពទីតាំង”។លោកបន្តថា “ បញ្ហាទាំងនោះពិបាកនឹងកែប្រែណាស់ ជាពិសេសក្នុងបរិបទបច្ចុប្បន្ន ថ្លៃដើមនៅលើពិភពលោកកំពុងកើនឡើងខ្ពស់”។
ផ្ទុយទៅវិញ អគារអចលនទ្រព្យពាណិជ្ជកម្មចម្រុះ ដែលច្របាច់បញ្ចូលគ្នានូវ Space បែបពាណិជ្ជកម្ម និងលំនៅដ្ឋាន កំពុងស្ទុះងើបឡើងវិញ នៅក្នុងតំបន់ដូចជាវិថី Newbury Street ក្នុងទីក្រុង Boston រដ្ឋ Massachusetts ដែលពីមុនធ្លាប់ជាអតីតតំបន់លំនៅដ្ឋាន។
លោក Breslau បានព្យាករណ៍ថា មនុស្សកាន់តែច្រើននឹងមានបំណងធ្វើការ និងរស់នៅកន្លែងណាមួយ ដែលប្រៀបដូចជាសហគមន៍ ហើយលោកបានបញ្ជាក់ថា បរិស្ថានអគារប្រើប្រាស់ចម្រុះ អាចជួយសម្រេចបាននូវក្តីប្រាថ្នានេះ។
ដោយសារតែក្រុមហ៊ុនជាច្រើន កំណត់យកនិរន្តរភាពជាអាទិភាពមួយនាពេលបច្ចុប្បន្ននេះ អគារប្រើប្រាស់ចម្រុះកំពុងលេចធ្លោ ចំពោះសមត្ថភាព ក្នុងការជួយថែរក្សាបរិស្ថាន តាម រយៈការកាត់បន្ថយពេលវេលា ធ្វើដំណើររបស់បុគ្គលិក៕ប្រភព: MIT៕