ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមប្រភពពីក្រសួងសាធារណការ និងលំនៅដ្ឋានឥណ្ឌូនេស៊ី បានបញ្ជាក់ឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី គ្រោងសហការជាមួយកូរ៉េខាងត្បូង ដើម្បីសាងសង់ផ្លូវរូងក្រោមទឹកមួយនៅក្នុងរដ្ឋធានីថ្មី Nusantara ។
យោងតាមនាយកដ្ឋានសាងសង់ផ្លូវ របស់ក្រសួងសាធារណការ និងលំនៅដ្ឋាន បានលើកឡើងថា យើងប៉ាន់ប្រមាណថា គម្រោងផ្លូវរូងក្រោមទឹកនេះ ត្រូវការដើមទុនវិនិយោគសរុបចំនួន៦៨២លានដុល្លារអាមេរិក។
ដោយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅឆ្នាំ២០២៥ ផ្លូវរូងក្រោមទឹកនេះ នឹងក្លាយជាកំណាត់មួយផ្នែក នៃប្រព័ន្ធផ្លូវហាយវេក្នុងទីក្រុង Nusantara។ នៅពេលសាងសង់រួចរាល់ ផ្លូវនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចបើកបរឆ្លងកាត់ក្រោមឆកសមុទ្រ Balikpapan ដើម្បីឈានទៅដល់តំបន់វិមានរដ្ឋាភិបាល។
ជម្រើសរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងការស្ថាបនាផ្លូវរូងក្រោមទឹក ជំនួសឱ្យការសាងសង់ស្ពានឆ្លងកាត់ ពីលើឆកសមុទ្រ Balikpapan មានគោលបំណងចូលរួម ចំណែកថែរក្សាគម្របព្រៃឈើ និងការពារជម្រកសត្វ និងរុក្ខជាតិក្នុងតំបន់។
ក្រសួងសាធារណការ និងលំនៅដ្ឋានឥណ្ឌូនេស៊ីបានប្រកាសថា រដ្ឋាភិបាលនឹងមិនសាងសង់ស្ពាន ឆ្លងកាត់ពីលើឆកសមុទ្រ Balikpapan នោះទេ ហើយយើងនឹងសាងសង់ផ្លូវរូងក្រោមទឹក ដូចនៅតាមទីក្រុងរបស់ប្រទេសមួយចំនួន។
ជាក់ស្តែង ការសាងសង់បណ្តាញផ្លូវរូង ក្រោមទឹកត្រូវបានអនុវត្តន៍ នៅក្នុងបណ្តាប្រទេសជាច្រើន ដូចជា ផ្លូវរូងក្រោមទឹក Fehmarnbelt នៅទ្វីបអឺរ៉ុប និងនៅទីក្រុង Geoje ទីក្រុង Busan របស់ប្រទេសកូរ៉េខាងត្បូង។
យោងតាមច្បាប់ចុះនៅឆ្នាំ២០២២ស្តីពី ផែនការមេអភិវឌ្ឍន៍ទីក្រុង Nusantara បានចែងថា គោលការណ៍ជាមូលដ្ឋាននៃការអភិវឌ្ឍន៍នៅក្នុងរដ្ឋធានីថ្មី ត្រូវតែផ្តល់អាទិភាពដល់ធម្មជាតិ បច្ចេកវិទ្យា និងនិរន្តរភាពបរិស្ថាន។
លើសពីនេះ ការអភិវឌ្ឍន៍ទីក្រុង Nusantara ក៏ត្រូវតែការពារផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានរបស់នគរូបនីយកម្ម និងអាកាសធាតុ ព្រោះវាអាចបង្កើនហានិភ័យនៃគ្រោះទឹកជំនន់ និងកង្វះទឹកឆៅប្រើប្រាស់៕ប្រភព: Xinhua៕