ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ជាគោលការណ៍ទទួល យកប្រាក់ដុល្លារអាមេរិកទក់ ឬរហែកបន្តិចបន្តួច អាចនឹងត្រូវបានអនុវត្តន៍នៅទូទាំងប្រទេសកម្ពុជា នាពេលខាងមុខនេះ បន្ទាប់ពីការវាយតម្លៃរបស់ធនាគារជាតិ ដោយយកបទពិសោធន៍ពីខេត្តសៀមរាប។
បើតាមការបញ្ជាក់របស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានលើកឡើងកាលពីព្រឹកថ្ងៃសុក្រកន្លងមកនេះ។
គោលការណ៍ទទួលលុយដុល្លារអាមេរិកទក់ ឬរហែកត្រូវបានដាក់ឱ្យអនុវត្តន៍ នៅខេត្តសៀមរាបចាប់ពីថ្ងៃទី២២ ខែកក្កដា ដោយធនាគារជាតិ តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬ ប្រឡាក់ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន។
គោលការណ៍នេះធ្វើឡើង តាមការស្នើរបស់ពលរដ្ឋនិងអាជីវករ នៅខេត្តសៀមរាបជម្រាបជូនសម្តេចធិបតីហ៊ុន ម៉ាណែត។
ជាក់ស្តែងនៅព្រឹកថ្ងៃសុក្រ ទី២ ខែសីហានេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តន៍ នូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា។
ប៉ុន្តែពលរដ្ឋនៅខេត្តផ្សេងក្រៅពីខេត្តសៀបរាម បានចោទជាសំនួរថា ហេតុអ្វីគោលការណ៍ទទួលប្រាក់ដុល្លាររហែក ឬ ទក់ អនុវត្តតែនៅខេត្តសៀមរាប ខណៈដែលខេត្តផ្សេងទៀតក៏ជួបបញ្ហានេះដែរ។
កម្ពុជាកំពុងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសសម្រាប់ក្រដាស់ប្រាក់ដុល្លារតូច ដូចជា ១ដុល្លារ និង ៥ដុល្លារ តាមរយៈការប្រមូលក្រដាស់ប្រាក់ទាំងនេះ ដើម្បីនាំចេញទៅក្រៅប្រទេស។
ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ ការនាំចេញប្រាក់ដុល្លារអាមេរិកទៅក្រៅប្រទេស បានកើនឡើង៦៦ភាគរយ ហើយការនាំចូលប្រាក់ដុល្លារមកកម្ពុជា ពីក្រៅប្រទេសបានថយចុះ ១០០ ភាគរយ។ នេះបើតាមរបាយការណ៍ធនាគារជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា សម្រាប់ប្រាក់ដុល្លារប្រភេទតូច ដែលទទួលបាននៅស្នាក់ការកណ្ដាល ធនាគាជាតិនិងនៅតាមសាខាទូទាំងប្រទេស បានកើនឡើង៣៧,៤ ភាគរយ ហើយការនាំចេញ ក្រដាសប្រាក់ប្រភេទនេះ ទៅក្រៅប្រទេសបានកើនឡើង៥៥,២ភាគរយ។
លោក ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា ទទួលយកប្រាក់ដុល្លារចាស់ ទក់រហែក គឺជាគោលការណ៍លើកទឹកចិត្តដល់ភ្ញៀវទេសចរ។
លោកថា ការយកក្រដាសប្រាក់ទក់ ឬ រហែក ទៅធនាគារកណ្ដាលអាមេរិក ទំនងជាមិនបដិសេធក្នុងការទទួលយកទេ។
លោកនិយាយថា ការទទួលយកក្រដាសប្រាក់ដុល្លារ ទក់រហែក នៅខេត្តសៀមរាប ក៏អាចជាការបើកផ្លូវសម្រាប់ការទទួលយកក្រដាសប្រាក់បែបនេះ នៅទូទាំងប្រទេស សម្រាប់ទាំងទេសចរ និងសម្រាប់ពលរដ្ឋខ្មែរ ដោយគ្មានការរើសអើង ក្រោយពេលការសាកល្បងបានបញ្ចប់។
លោក ហុង វណ្ណៈ បន្តថា រដ្ឋក៏ដាក់ចេញគោលការណ៍ទទួលយកក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែកផងដែរ បន្ថែមលើរូបិយប័ណ្ណបរទេស ពីព្រោះតាមការអង្កេតរបស់លោក ពលរដ្ឋក៏ជួបបញ្ហា ក្នុងការចាយក្រដាសប្រាក់ទក់ រហែក ផងដែរ៕