ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងសម្របសម្រួល កិច្ចការសមុទ្រ និងការវិនិយោគឥណ្ឌូនេស៊ី លោក Luhut Pandjaitan អះអាងថា រដ្ឋាភិបាលបានសម្រេចកំណត់យក តំបន់ឧស្សាហកម្ម Batang (KITB) ជាតំបន់សេដ្ឋកិច្ចពិសេស (SEZ)។
លោក Luhut បានថ្លែងក្នុងពិធីបើក សម្ពោធដាក់ឱ្យប្រើប្រាស់តំបន់ឧស្សាហកម្មថ្មីនេះថា “ដូច្នេះយើងនឹងផ្តល់នូវការលើកទឹកចិត្តដូចគ្នា ដូចជា ការលើកលែងពន្ធ និងអត្ថប្រយោជន៍ផ្សេងៗទៀតដូចអ្វី ដែលយើងបានផ្តល់ទៅឱ្យ តំបន់សេដ្ឋកិច្ចពិសេសផ្សេងៗទៀត”។
តំបន់ឧស្សាហកម្មនេះ មានទីតាំងស្ថិតនៅលើកោះ Java ហើយត្រូវបានគេរំពឹងថា នឹងបង្កើតការងារបានយ៉ាងតិច២៥០.០០០កន្លែង នៅក្នុងតំបន់មូលដ្ឋាន និងទាក់ទាញការវិនិយោគរាប់ពាន់លានដុល្លារអាមេរិក។
ទន្ទឹមនឹងនេះ លោកប្រធានាធិបតីឥណ្ឌូនេស៊ីចាំផ្ទះ Joko Widodo បានចាត់ទុកតំបន់នេះថា ជាឱកាសមួយដើម្បីទាក់ទាញក្រុមអ្នកវិនិយោគ ពីក្រៅប្រទេសឱ្យមកបណ្តាក់ទុនសាងសង់រោងចក្រនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
លោកកត់សម្គាល់ថា នៅឆ្នាំ២០២៤ ចំណាត់ថ្នាក់របស់ឥណ្ឌូនេស៊ី នៅក្នុងតារាងសន្ទស្សន៍ សមត្ថភាពប្រកួតប្រជែងពិភពលោក បានឈរនៅលេខរៀងទី២៧ ក្នុងចំណោមប្រទេសចំនួន៦៧ ខណៈកាលពីឆ្នាំ២០២៣ ប្រទេសប្រជុំកោះមួយនេះបានឈរនៅលេខរៀងទី៣៤។
ទោះបីជាយ៉ាងណាក្តី លោកប្រធានាធិបតីបានព្រមានថា បើយើងមិនចេះ ឆ្លៀតយកឱកាសដោយឈ្លាសវៃទេ នោះតំបន់នេះ នឹងមិនផ្តល់ផលប្រយោជន៍ ដល់ប្រទេសជាតិឡើយ។
លោកបន្តថា “ក្រុមហ៊ុនឧស្សាហកម្មនានា តែងចាប់អារម្មណ៍ច្រើន ក្នុងការផ្លាស់ប្តូររោងចក្រ ទៅកាន់បណ្តាប្រទេសដែលមានកំណើនសេដ្ឋកិច្ច ប្រកបដោយស្ថិរភាព អត្រាអតិផរណាទាប និងស្ថិរភាពនយោបាយ ហើយអ្នកវិនិយោគជាច្រើនមានទស្សនៈបែបនេះ មកលើប្រទេសឥណ្ឌូនេស៊ី។ ប៉ុន្តែ ប្រសិនបើយើងបរាជ័យ ក្នុងការសម្រេចចិត្តបានត្រឹមត្រូវ នោះឱកាសទាំងនេះប្រាកដជានឹងរលាយបាត់”។
តំបន់ឧស្សាហកម្ម Batang ត្រូវបានកំណត់មុខងារបម្រើឱ្យវិស័យបច្ចេកវិទ្យាលំដាប់ខ្ពស់ និងឧស្សាហកម្មប្រើកម្លាំងពលកម្ម ដោយផ្តោតលើសហគ្រាសធុនតូច និងមធ្យម។
កាសែត Jakarta Post បានរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងចរចាលើកិច្ចព្រមព្រៀង ក្រោមទុនវិនិយោគចន្លោះពី៦០០លានដុល្លារ ទៅ៨០០លានដុល្លារជាមួយក្រុមហ៊ុន LG Energy Solution (LGES) របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីសាងសង់រោងចក្រ ផលិតអាគុយរថយន្តអគ្គិសនី (EV) នៅតំបន់ឧស្សាហកម្មខាងលើ៕ប្រភព: Asia News Networks៕