ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកជំនាញលើកឡើងថា ឧស្សាហកម្មបដិសណ្ឋារកិច្ចនៅតំបន់អាស៊ី ត្រូវការជំនួយលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាល របស់ប្រទេសនីមួយៗ ដើម្បីសម្រេចបាននិរន្តរភាពបៃតង ដូចជាការរៀបចំសម្ភារៈ គ្រឿងបរិក្ខារ និងសេវាកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន។
សារពត៌មាន Bloomberg បានរាយការណ៍ថា សណ្ឋាគារ និងរមណីយដ្ឋានចំនួនជាង៥០% ក្នុងតំបន់អាស៊ី ត្រូវបានគ្រប់គ្រង ដោយក្រុមហ៊ុនក្នុងស្រុក។ ដូច្នេះពួកគេពិបាកធ្វើឱ្យប្រតិបត្តិការអាជីវកម្ម មាននិរន្តរភាពបៃតង ដោយសារកង្វះការលើកទឹកចិត្តពីរដ្ឋាភិបាល និងកង្វះការត្រួតពិនិត្យដិតដល់។
ឧស្សាហកម្មទេសចរណ៍ បានរួមចំណែកជិត៩% នៃផលទុនជាតិសរុបរបស់តំបន់អាស៊ី និងបានផ្តល់ការងារដល់មនុស្សចំនួន១៩០លាននាក់នៅឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យពីក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោក (WTTC) និងស្ថាប័ន Oxford Economics។
ប៉ុន្តែការបំភាយឧស្ម័នផ្ទះកញ្ចក់ ចេញពីឧស្សាហកម្មទេសចរណ៍នៅតំបន់អាស៊ី មានបរិមាណខ្ពស់ជាងបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក។
លោក Rakesh Patel នាយកប្រតិបត្តិក្រុមហ៊ុន Alta Capital Real Estate លើកឡើងថា “សណ្ឋាគារនៅតំបន់អាស៊ីត្រូវការចំណាត់ការជាក់ស្តែង ដូចជា ការលើកទឹកចិត្ត ការបន្ធូរបន្ថយពន្ធ និងការផ្តល់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប សំដៅធ្វើយ៉ាងណា ឱ្យសណ្ឋាគារមាននិរន្តរភាពជាងមុន”។
ចំណែក លោកស្រី Liz Ortiguera នាយិកាគ្រប់គ្រងប្រចាំតំបន់អាស៊ីរបស់អង្គការ WTTC បានអះអាងថា “យើងមានកម្មវិធី ដើម្បីជួយសណ្ឋាគារឱ្យមាននិរន្តរភាពបៃតង ដូចជា ការលុបបំបាត់ការប្រើប្រាស់ដបប្លាស្ទិក ការកាត់បន្ថយកាកសំណល់អាហារ និងការកែលម្អប្រសិទ្ធភាពទឹក និងថាមពល ហើយយើងត្រូវពិនិត្យថា តើសណ្ឋាគារបានអនុវត្តន៍ វិធានការទាំងនេះឬអត់”។
លោកស្រី Liz បានបន្ថែមថា រដ្ឋាភិបាលនៅទូទាំងតំបន់អាស៊ី កំពុងផ្លាស់ប្តូរវិធីសាស្រ្តរបស់ពួកគេ ចំពោះវិស័យទេសចរណ៍ ដោយសារតែផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែង រដ្ឋាភិបាលសិង្ហបុរីប្តេជ្ញា និងធានាថា ចំនួន៦០%នៃសណ្ឋាគារសរុបក្នុងទីក្រុងសិង្ហបុរី នឹងទទួលបាននូវវិញ្ញាបនប័ត្របញ្ជាក់ពីនិរន្តរភាព ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិនៅឆ្នាំ២០២៥៕ប្រភព: Bloomberg៕