ដោយៈ និស្ស័យ
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយដៃគូអភិវឌ្ឈន៍នានា ដើម្បីចាប់ផ្តើមអនុវត្តន៍កម្មវិធី “European Union Global Access and Trade Expertise (EU GATE)។
កិច្ចប្រជុំកាលពីថ្ងៃទី៣១ កក្កដា ត្រូវបានដឹកនាំដោយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បានជួបប្រជុំលើកទី១ ជាមួយតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងអង្គការ GIZ Cambodia ដើម្បីពិភាក្សាក្នុងការចាប់ផ្តើមអនុវត្តន៍ គម្រោង “European Union Global Access and Trade Expertise – EU GATE” ដែលជាជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់។
លោកជំទាវ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងបានលើកពីជំហរ យ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ឋក្នុងការអនុវត្តគម្រោងថ្មីនេះ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោង EU GATE នេះ នឹងបន្តជំរុញការអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព តាមរយៈការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម ការកសាងស្ថាប័ន ការពង្រឹងសមត្ថភាពពាណិជ្ជកម្មរបស់វិស័យឯកជន និងការកែលម្អបរិយាកាសធុរកិច្ចជាដើម។
ជាការឆ្លើយតប លោក Koen Everaert អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការ នៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងតំណាងស្ថានទូតអាល្លឺម៉ង់នៅកម្ពុជា បានបញ្ជាក់ពីជំហរក្នុងការគាំទ្រក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា លើសកម្មភាពរបស់គម្រោង EU GATE នេះ ដែលមានសមាសភាព ៥ សំខាន់ៗ។
សមាសភាពទាំងនោះរួមមាន ៖ ការគាំទ្រលើការធ្វើគោលនយោបាយពាណិជ្ជកម្ម, កិច្ចសម្រួលពាណិជ្ជកម្ម, ការគ្រប់គ្រងហានិភ័យ ពាណិជ្ជកម្មឌីជីថល និងការបង្កើនភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូចនិងមធ្យម៕