ដោយៈ គង់ សូរិយា
បាត់ដំបងៈ ដែនបឋនីយកម្ម ព្រែកទាល់ ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាដែនជម្រកនិងបន្ទាយពងកូន របស់សត្វស្លាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។
ព្រែកទ័ល មានទីតាំងស្ថិតនៅខាងជើង ឆៀងខាងលិចនៃបឹងទន្លេរសាប លោកអ្នកអាចគយគន់បក្សា បក្សីជាច្រើនមុខ រួមទាំងសត្វស្លាបដែលជិតផុតពូជ ត្រយង ស្ទាំង ទុង ក្រសារ កុក។
វាជាតំបន់រ៉ាមសារ(ដីសើម) សម្បូរដោយជីវៈចម្រុះដែលគ្របដណ្តប់លើ ផ្ទៃដីប្រមាណ៣១,២៨២ ហ.ត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
ភ្ញៀវទេសចរ អាចទៅលេងនៅ តំបន់ព្រែកទាល់បានដោយចេញដំណើរ ពីខេត្តសៀមរាប៖ ធ្វើដំណើរតាមផ្លូវគោក ពីក្រុងសៀមរាប ឆ្ពោះទៅកាន់កំពង់ផែចុងឃ្នៀស រឺមេជ្រៃ ហើយត្រូវជួលទូក ទៅកាន់តំបន់ព្រែកទាល់ ដោយចំណាយពេលប្រមាណ១ម៉ោង។
បើធ្វើដំណើរពីក្រុងបាត់ដំបង៖ ភ្ញៀវទេសចរ ត្រូវធ្វើដំណើរតាមកាណូត ទៅកាន់ព្រែកទាល់ ដែលមានចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ ចំណាយពេលប្រមាណ៧ម៉ោង រឺលើសនឹង តាមកំរិតទឹកក្នុងស្ទឹង ។
ភ្ញៀវទេសចរ អាចទិញសំបុត្រទូកបាននៅ តាមបណ្តា សណ្ឋាគារ ឬផ្ទះសំណាក់មួយចំនួន និងអាចទិញសំបុត្រនៅការិយាល័យលក់សំបុត្រទូកផ្ទាល់ ដូចជា៖ ក្រុមហ៊ុន ចាន់ណា, ក្រុមហ៊ុន Angkor Express.. (មួយសំបុត្រ៣០ដុល្លា បូករួមថ្លៃដឹកជញ្ជូន)។
បើលោកអ្នកចង់ទទួលបានបទពិសោធន៍ មើលបក្សាបក្សីស្រែកច្រៀង ស្រែកយំ ពេលព្រលឹម និងពេលព្រលប់ លោកអ្នកអាចស្នាក់នៅទីនោះ១ឬ២យប់បាន ក្នុងផ្ទះសំណាក់សហគមន៍បែបសាមញ្ញ តែមានអនាម័យល្អ។
នៅតំបន់ព្រែកទាល់ លោកអ្នកអាចគយគន់បក្សាបក្សីជាច្រើនមុខ រួមទាំងសត្វស្លាបដែលជិតផុតពូជ ត្រយង ស្ទាំង ទុង ក្រសារ កុក …។
លោកអ្នកក៏អាចទស្សនាសម្រស់ ភូមិបណ្តែតទឹក ព្រៃលិចទឹក ការរស់នៅ និងរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទៃទឹកផងដែរ។
រដូវល្អប្រសើរជាងគេ សម្រាប់ការទស្សនាបក្សាបក្សី គឺរដូវប្រាំង ចាប់ពីខែធ្នូ ដល់ ខែឧសភា ដែលជារដូវទឹកស្រក ហើយសត្វបក្សាបក្សីមកផ្តុំគ្នា រកចំណី រកញីឈ្មោល នៅតំបន់ព្រែកទាល់។
ពីភូមិព្រែកទាល់ ឃុំកោះជីវាំង លោកអ្នកអាចជិះទូកឆ្លងទៅលេង ភូមិបាក់ព្រា ព្រែកត្រប់ នឹកដល់អនុស្សាវរីយ៍ស្នេហាក្រមុំកំលោះ របស់លោកយាយ រស់ សេរីសុទ្ធា និង លោកតា ស៊ិន ស៊ីសាមុត តាមរយៈបទចម្រៀង ឱភូមិបាក់ព្រា បាក់ព្រារឿងថ្មី៕