ដោយៈ គង់ ម៉ាលីនណា
ប៉ៃលិនៈ លោកវ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរូមជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយស្តង់ដាពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ របស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ព្រមទាំងតំណាងអញ្ជើញមកពីមន្ទីរ-អង្គរភាពពាក់ព័ន្ធជុំវិញខេត្ត នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន សភាពាណិជ្ជកម្មខេត្តប៉ៃលិន ក្រុមហ៊ុនស៊ី.ភី. ខេមបូឌា សៃឡូ/អ្នកប្រមូលទិញ និងសហគមន៍/អ្នកផលិត ពោតក្រហម និងដំឡូងមី ជាច្រើនរូប។
គោលបំណងសំខាន់របស់សិក្ខាសាលានេះ ដើម្បីបញ្ជ្រាបចំណេះដឹង ដល់តួអង្គពាក់ព័ន្ធទាំងអស់ លើផលិតផលពោតក្រហម ដំឡូងមី បានយល់ដឹងទាំងផ្នែកគុណភាព និងបរិមាណផលិតផល ក្នុងបរិបទអាកាសធាតុ ពិភពលោកកំពុងមានការប្រែប្រួល ដូចជា គ្រោះរាំងស្ងួត និងសត្វចង្រៃបំផ្លាញដំណាំ ព្រមទាំងលក្ខខណ្ឌមួយចំនួន ដែលឆ្លើយតបនឹងក្រុមហ៊ុនស៊ី.ភី ខេមបូឌា ត្រូវការ៕