ដោយ: គង់ លាងហួរ
អន្តរជាតិ: មន្ត្រីជាន់ខ្ពស់លើកឡើងថា ការពិភាក្សាគ្នារវាងរដ្ឋាភិបាលឥណ្ឌា និងរុស្ស៊ី ដើម្បីធ្វើប្រតិបត្តិការ និងអភិវឌ្ឍន៍ផ្លូវសមុទ្រ តភ្ជាប់រវាងទីក្រុង Chennai និងទីក្រុង Vladivostok កំពុងសម្រេចបានវឌ្ឍនភាព។
មន្ត្រីរូបនោះបញ្ជាក់ថា “កិច្ចសន្ទនារវាងរុស្ស៊ី និងឥណ្ឌាបានបោះជំហានទៅមុខកាន់តែលឿន បន្ទាប់ពីការបោះឆ្នោតនៅឥណ្ឌា ហើយរដ្ឋាភិបាលទាំង២ កំពុងព្យាយាមពន្លឿនការអភិវឌ្ឍន៍ផ្លូវសមុទ្រ ដែលតភ្ជាប់រវាងកំពង់ផែ Chennai របស់ឥណ្ឌា និងកំពង់ផែ Vladivostok របស់រុស្ស៊ី ”។
ជាមួយគ្នានេះ លោក Sarbananda Sonowal រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌា គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅខែកញ្ញាខាងមុខ ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា(EEF) មុនពេលគណៈប្រតិភូពាណិជ្ជករ និងមន្ត្រីរដ្ឋាភិបាលរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងមកធ្វើទស្សនកិច្ច នៅទីក្រុងបុមបៃក្នុងខែសីហា។
មន្ត្រីរដ្ឋាភិបាលមួយរូបទៀត បានថ្លែងប្រាប់សារពត៌មាន Moneycontrol ថា លោកAnton Kobyakov ទីប្រឹក្សារបស់ប្រធានាធិបតីរុស្ស៊ី លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និង គណៈប្រតិភូធុរកិច្ចរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ច នៅទីក្រុងបុមបៃក្នុងខែសីហា ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
បន្ថែមពីលើនេះ ភាគីរុស្ស៊ីធ្លាប់បានអះអាងថា ខ្លួនមានបំណងបង្កើនទំហំពាណិជ្ជកម្ម ជាមួយឥណ្ឌាឱ្យកើនឡើងទ្វេរដង តាមរយៈកំពង់ផែ Vladivostok និងកំពង់ផែ Chennai របស់ឥណ្ឌា ដែលមានចម្ងាយពីគ្នា ប្រមាណ១០.៣០០គីឡូម៉ែត្រ។
នៅពេលគម្រោងផ្លូវសមុទ្រ បើកដាក់ឱ្យដំណើរការ កប៉ាល់នឹងត្រូវចំណាយពេល២៤ថ្ងៃ ដើម្បីដឹកជញ្ជូនទំនិញពីប្រទេសឥណ្ឌា ទៅកាន់កំពង់ផែរបស់រុស្ស៊ី ខណៈបច្ចុប្បន្នគេត្រូវចំណាយពេលចំនួន៤០ថ្ងៃ។
ចំណែកឯ ផ្លូវពាណិជ្ជកម្មសមុទ្រ រវាងកំពង់ផែក្នុងទីក្រុងបុមបៃ និងកំពង់ផែទីក្រុងSt Petersburg មានចម្ងាយពីគ្នាប្រហែល១៦.០៦៦គីឡូម៉ែត្រ ដែលកប៉ាល់ដឹកទំនិញ ត្រូវចំណាយពេលធ្វើដំណើរប្រហែល ចាប់ពី៣៥ថ្ងៃទៅ៤០ថ្ងៃ៕ប្រភព:Moneycontrol៕