ដោយៈ ម៉ាលីនណា
ស្វាយរៀងៈ ធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” ដែលបានប្រព្រឹត្តិ ទៅនៅសាលាខេត្តស្វាយរៀង នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤។
យោងតាមបណ្តាញទំនាក់ទំនងសង្គមរបស់ NBC បានសរសេរថា សូមថ្លែងអំណរគុណ ដល់គណៈអភិបាលខេត្តស្វាយរៀង និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការប្រកបដោយប្រសិទ្ធភាពខ្ពស់ រហូតកម្មវិធីប្រព្រឹត្តិទៅដោយរលូន និងទទួលជោគជ័យ។
សូមអបអរសាទរជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងផលិតវីដេអូខ្លី និងកម្មវិធីប្រកួតប្រជែងធ្វើបទបង្ហាញ ហើយក៏សូមអរគុណបេក្ខជន-បេក្ខនារីដទៃទៀត ដែលបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះផងដែរ។
ក្នុងព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋបានយកក្រដាសប្រាក់រៀលចាស់ ទក់ និងរហែកប្តូរយកក្រដាសប្រាក់រៀលថ្មី និងប្តូរយកតាមគណនីបាគងយ៉ាងច្រើន។
ធនាគារជាតិនៃកម្ពុជា បន្តធ្វើយុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក នៅតាមបណ្តាខេត្តទូទាំងប្រទេស។ ខេត្តបន្ទាប់គឺ ខេត្តព្រៃវែង៕