ក្រសួងពាណិជ្ជកម្មផ្តោតលើការកសាងកេរ្ត៍ឈ្មោះម៉ាកផលិតផលកម្ពុជា

ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី លោកជំទាវ សូ ស្រីម៉ិច ក្នុងសិក្ខាសាលាស្តីពី “ការកសាងកេរ្តិ៍ឈ្មោះម៉ាក និងពិធីប្រគល់-ទទួលឯកសារស្រាវជ្រាវនៃគម្រោងការកសាងកេរ្តិ៍ឈ្មោះម៉ាកនៅកម្ពុជា”។

សិក្ខាសាលា កាលពីទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានសហការរៀបចំឡើងដោយ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) និង វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលមានវត្តមានអញ្ជើញ ចូលរួមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ភ្ញៀវជាតិ និងអន្តរជាតិ សាស្រ្តាចារ្យ សិស្ស និស្សិតជាច្រើនរូប។

សិក្ខាសាលានេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយ នូវឯកសារស្រាវជ្រាវរួមគ្នា ពាក់ព័ន្ធនឹងការកសាងកេរ្តិ៍ឈ្មោះ ម៉ាកនៅកម្ពុជា និងផ្តល់ការបណ្តុះបណ្តាល លើប្រធានបទមួយចំនួនពាក់ព័ន្ធនឹងទស្សនទាននៃគម្រោង ការកសាងកេរ្តិ៍ឈ្មោះម៉ាក សារៈសំខាន់នៃកម្មសិទ្ធិបញ្ញា និងការប្រើប្រាស់ម៉ាកសញ្ញា សម្រាប់អាជីវកម្ម ការបង្ហាញពីកម្មវិធី Web Application របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា សម្រាប់ប្រើប្រាស់ស្វែងរកម៉ាក និងមានរៀបចំកិច្ចពិភាក្សាស្ដីអំពី យុទ្ធសាស្ត្រកសាងកេរ្តិ៍ឈ្មោះម៉ាកដោយក្រុមហ៊ុនក្នុងស្រុកចំនួន៣ផងដែរ។

លោកជំទាវរដ្ឋលេខាធិការ បានទទួលសៀវភៅឯកសារស្រាវជ្រាវរួមគ្នាស្តីពី ការកសាងកេរ្តិ៍ឈ្មោះម៉ាកនៅកម្ពុជា ឯកសារជាសៀវភៅស្រាវជ្រាវផ្លូវការ ពីតំណាងអង្គការប្រកាសនីយបត្រតក្កកម្មជប៉ុននិងវិទ្យាស្ថានERIA ដើម្បីអាចមកផ្សព្វផ្សាយជូនអាជីវករ សេវាករ សិស្សនិស្សិត និងសាធារណជន យល់ដឹងពីនីតិវិធី នៃការស្នើសុំចុះបញ្ជីម៉ាក នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងករណីសិក្សាពីម៉ាកក្នុងស្រុកដែលទទួលបានជោគជ័យផងដែរ។
ទន្ទឹមនឹងនេះ ក៏មានមានការធ្វើបទបង្ហាញ លើប្រធានបទមួយចំនួនពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ព្រមទាំងកិច្ចពិភាក្សាលើការកសាងកេរ្តិ៍ឈ្មោះម៉ាកក្នុងស្រុកផងដែរ៕