ដោយៈ និស្ស័យ
ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាលខេត្ត អញ្ជើញចូលរួមបើកកិច្ចប្រជុំពិភាក្សាបរិស្ថានសមុទ្រ ក្រោមប្រធានបទ “Blue Talk” ក្រោមអធិបតីភាព លោកបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
កិច្ចប្រជុំតុមូលនេះ ជាកិច្ចសហការរៀបចំ រវាងរដ្ឋបាលខេត្តព្រះសីហនុ និងស្ថានទូតបារាំងនៅកម្ពុជា ក្នុងគោលបំណងដើម្បីប្រមូលធាតុចូល អំពីការឆ្លុះបញ្ចាំងជាសមូហភាព ក្នុងចំណោមអ្នកពាក់ព័ន្ធនឹងតំបន់សមុទ្រ នៃកម្ពុជា និងបង្ហាញអំពីវិធីសាស្រ្ត និងការសម្រេចចិត្ត ដើម្បីដាក់បញ្ចូលមតិយោបល់ក្នុង សន្និសីទមហាសមុទ្រ លើកទី៣(UNOC3)ឆ្នាំ២០២៥ ព្រមទាំងបង្ហាញពីសមិទ្ធផល ក្នុងវិស័យបរិស្ថាន ដែលខេត្តព្រះសីហនុសម្រេចបាន។
បន្ទាប់ពីកិច្ចប្រជុំប្រមូលធាតុចូលនេះ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំរបាយការណ៍មួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា លើកិច្ចការការពារ បរិស្ថានសមុទ្រ និងការស្នើឡើងអំពីគម្រោងនានា ព្រមទាំងយន្តការទំនាក់ទំនង ដែលអាចបង្កើតឡើង ដើម្បីបង្កើនប្រសិទ្ធភាព និងជំរុញកិច្ចសហប្រតិបត្តិការលើការងារសមុទ្របន្ថែមទៀត៕