ដំណឹងល្អៈ NBC នឹងដាក់ដំណើរការប្រព័ន្ឋទូទាត់បាគងសម្រាប់ភ្ញៀវទេស​ចរណ៍អន្តរជាតិ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) ​នឹង​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ បាគង (Bakong) សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ​ដើម្បី​សម្រួល​​ដល់​ការ​ចាយវាយ​នៅ​ក្នុង​ស្រុក នៅ​ពេលពួក​គេ​មក​ទស្សនា​ប្រទេស​កម្ពុជា។

លោកស្រី ជា សិរី អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជាបានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍មុនថា កម្មវី​ធីបាគង​​នេះ ​នឹង​ត្រូវ​ដាក់​បង្ហាញ​ នៅ​តាម​ព្រលានយន្តហោះ​ និង​ច្រក​ចូល​នានា​ ដើម្បី​ឲ្យ​ភ្ញៀវ​អន្តរជាតិ​អាច​ដោនឡូត ​នៅ​ពេល​ចូល​មក​ដល់​កម្ពុជា​ភ្លាម​។

លោកស្រីបានបញ្ជាក់ថា “បន្តិច​ទៀត​យើង​មាន​ដាក់​ប្រព័ន្ធ​បាគង សម្រាប់​ភ្ញៀវទេសចរ​ បាន​ន័យ​ថា​ពេល​ភ្ញៀវ​ទេសចរ​គាត់​ចុះ​មក​ គាត់​អាច​ដោនឡូត​ប្រព័ន្ធ​បាគង​យើង បើ​គាត់​អត់​មាន​ប្រព័ន្ធធនាគារ​ក្នុង​ស្រុក ដើម្បី​ដក​លុយបំពេញប្រព័ន្ធ​​បាគង​ទេ​ គាត់​អាច​ប្រើ​កាត​ក្រេឌីត ដែល​គាត់​មាន​ពីប្រទេស​របស់​គាត់ ដូចជា​ Visa Card, Master Card, ឬ UnionPay ជាដើម”។លោកស្រីបន្ថែមថា “ការ​ដាក់​ចេញ​នេះ ​នឹង​ជួយ​សម្រួល​ដល់​ភ្ញៀវទេសចរ​ក្នុង​ការ​ប្រើប្រាស់ និង​អាច​ឲ្យ​គាត់​ទទួល​បាន​បទពិសោធ​ឌីជីថល និង​ប្រព័ន្ធ​ចាយវាយ​ដោយ​មិន​បាច់​ប្រើ​សាច់​ប្រាក់ ​ដោយសារ​តែ​គេ​តែង​មើល ​មក​ប្រទេស​យើង​ថា​ជា​ប្រទេស​ក្រ ប្រទេស​តូច ​ប្រហែល​ជា​អត់​មាន​អី​ទេ”។ ប៉ុន្តែពេល​គាត់(ភ្ញៀវអន្តរជាតិ)​ចុះ​មក យើង​ចង់​ឲ្យ​គាត់​មាន​បាគង​ប្រើ ហើយ​ចាយវាយ​ស្រួល ​ដូច​ប្រជាជន​យើង​ក្នុង​ស្រុកផងដែរ។

ការ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​បាគង ​សម្រាប់​ភ្ញៀវទេសចរ​នេះ ​​ក៏​ជា​ការ​ឆ្លើយ​តប​ទៅនឹង​បញ្ហា​មួយ​ចំនួន ដែល​ភ្ញៀវ​ទេស​ចរ​មួយចំនួន​បាន​ជួប​ប្រទះ ​ក្នុង​ការ​ចាយ​ក្រដាស់​ប្រាក់​ធំ ជាពិសេស​នៅ​ខេត្ត​សៀមរាប ដែលជាកន្លែង​ទាក់​ទាញ​ភ្ញៀវទេស​ចរ​ដ៏​សំខាន់​របស់​កម្ពុជា។

គម្រោង​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​បាគង​ សម្រាប់​ភ្ញៀវ​ទេ​សចរ​នេះ ក៏​ធ្វើឡើង​បន្ទាប់​ពី​សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួល​បាន​ការ​ស្នើសុំ​ពី​អាជីវករ ​នៅ​ខេត្ត​សៀ​មរាប ដែល​ត្អូញ​ត្អែរ​ អំពី​ការ​ពិបាក​ចាយ​ប្រាក់ ​ដែល​រហែក​បន្តិច​បន្តួច ឬ​ប្រឡាក់។ លោក​បាន​ប្រាប់​ឲ្យ​លោកស្រី ជា សិរី​ រិះរក​វិធី​យ៉ាងណា​ដោះស្រាយ​បញ្ហា​នេះ។

លោកស្រីជា សិរីបានបញ្ជាក់ថា “សម្តេចធិបតីបានទូរស័ព្ទដើម្បី​ឲ្យ​ខ្ញុំ​ចាត់​ចែង”។ លោកស្រីបន្តថា “ខ្ញុំ​សូម​ទទួល​អនុសា​សន៍​នេះ​ ហើយនឹង​ធ្វើ​ការ​បន្ត​ទៀត ជាមួយ​នឹង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ដោយសារ​តែ​ការ​វិនិច្ឆ័យ​ក្រដាស់​ប្រាក់ ​ដែល​ចាស់ រហែក វា​អាស្រ័យ​ទៅ​លើការ​វិនិច្ឆ័យ ​របស់​​បេឡាកររបស់​​ធនា​គារ​នីមួយៗ”។

លោក ឈត ប៊ុនថង មន្ដ្រី​ស្រាវ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា យល់​ថា ការ​ដាក់​ដំណើរ​ការ​បាគង ​សម្រាប់​ទេសចរអន្តរជាតិ អាច​កាត់​បន្ថយ​បាន​ការ​លំបាក​ខ្លះ​របស់​ភ្ញៀវ​ទេសចរណ៍។

លោកបានបន្តថា “នេះ​ជា​ដំណោះស្រាយ​មួយ​ជំហាន ក្នុង​ចំណោម​បញ្ហា​មួយ​ចំនួន​ទៀត ​ក្នុង​វិស័យ​ទេសចរណ៍”៕