ដោយៈ គង់ ម៉ាលីនណា
រតនៈគិរីៈ ធនាគារជាតិនៃកម្ពុជា សហការជាមួយរដ្ឋបាលខេត្តរតនគិរី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលដៅលើកកម្ពស់ចំនេះដឹងផ្នែកហិរញ្ញវត្ថុ ជំរុញការប្រើប្រាស់សេវាមីក្រូហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ បង្កើនស្មារតីប្រុងប្រយ័ត្ន និងការពារពីអំពើឆបោក ផ្នែកហិរញ្ញវត្ថុនៅតាមសហគមន៍។
សិក្ខាសាលានេះបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាពលោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោក ងិន ណែល អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួម ពីតំណាងអាជ្ញាធរមូលដ្ឋាន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលមានប្រតិបត្តិការក្នុងខេត្តរតនគិរី។
ទេសាភិបាលរង បានលើកឡើងពីប្រវត្តិ នៃការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ ដំណើរកកើតឡើងវិញ និងការវិវត្តនៃប្រព័ន្ធធនាគារកម្ពុជា សារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ក្នុងសេដ្ឋកិច្ច ការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងការយល់ដឹងផ្នែកហិរញ្ញវត្ថុ កិច្ចប្រតិបត្តិគោលការណ៍ទីផ្សារ និងកិច្ចការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ។
លើសពីនេះ អង្គសិក្ខាសាលាក៏បានពិភាក្សា និងលើកសំណួរ ក៏ដូចជាសំណូមពរយ៉ាងផុលផុស ពាក់ព័ន្ធនឹងបញ្ហាប្រឈមនានា ដែលអ្នកចូលរួមបានជួបប្រទះ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផងដែរ៕