ដោយៈ គង់ ម៉ាលីន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំពិនិត្យពិភាក្សា លើការងាររៀបចំបទដ្ឋានបច្ចេកទេសសាងសង់ នៃក្រុមការងារដឹកនាំសម្របសម្រួលកែសម្រួលបទដ្ឋានបច្ចេកទេស សម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
គំរោងនេះ ស្ថិតក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី។
លោកយិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សាលើការងាររៀបចំបទដ្ឋានបច្ចេកទេសសាងសង់ នៃក្រុមការងារដឹកនាំសម្របសម្រួល កែសម្រួលបទដ្ឋានបច្ចេកទេស សម្រាប់ប្រើប្រាស់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃប្រទេសអូស្ត្រាលី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេសរបស់ក្រសួងផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិនិត្យទៅលើបទដ្ឋានបច្ចេកទេសតាមផ្នែកនីមួយៗ នៅក្នុងសៀវភៅព្រាងបទបទដ្ឋានបច្ចេកទេស ដែលក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្ដាលីបានរៀបចំ ដើម្បីឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយ។
អង្គប្រជុំបានជជែកពិភាក្សាលម្អិត ទៅលើគំនូសសញ្ញាចរាចរណ៍ ដោយមានការកែសម្រួល និងបំពេញបន្ថែមនូវតម្រូវការចាំបាច់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ដង់ដារ បច្ចេកទេសសម្រាប់ប្រើប្រាស់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសមស្របតាមស្ថានភាពបច្ចុប្បន្ន សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា៕