តម្លៃប្រេងបានកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ​តម្លៃ​ប្រេង​បាន​កើនឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពីទិន្នន័យរបស់រដ្ឋបាលព័ត៌មានថាមពលអាមេរិកបានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន៤,៩លានបារ៉ែលកាលពីសប្តាហ៍មុន ដែលជាសញ្ញាបង្ហាញពីកំណើនតម្រូវការប្រេងឥន្ធនៈ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៣សេនដល់៨៥,២១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0023 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង៣១សេនដល់៨៣,១៦ដុល្លារក្នុងមួយបារ៉ែល។

លោក Christopher Waller ទេសាភិបាលធនាគារ Fed បានលើកឡើងថា “ពេលវេលាសម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកកាន់តែខិតជិតមកដល់ហើយ”។

ចំណែក លោកស្រី Adriana Kugler ដែលជាទេសាភិបាលមួយរូបទៀតរបស់ធនាគារកណ្តាលអាមេរិក ក៏បានសម្តែងសុទិដ្ឋិនិយមផងដែរថា “អត្រាអតិផរណាកំពុងវិលត្រលប់ទៅកាន់គោលដៅ២ភាគរយ របស់ធនាគារកណ្តាលអាមេរិកវិញ”។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៩៨,១ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃវិញបន្តិចដល់១០៣,៧៨ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៣,៧៥ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគបង្ហាញក្តីបារម្ភអំពីភាពតានតឹងផ្នែកពាណិជ្ជកម្ម បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងពិចារណាដាក់ចេញវិធានការទប់ស្កាត់កាន់តែតឹងរ៉ឹងបន្ថែមទៀតលើការនាំចេញបន្ទះឈីបកម្រិតខ្ពស់ទៅកាន់ប្រទេសចិន។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះប្រមាណ០,៧១ភាគរយ គិតត្រឹមម៉ោង១០:៣៨នាទីព្រឹក។

ចំណែក ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,៩៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,២៥ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,១២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,១២ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,១៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,២២ភាគរយ៕